(វ៉ាស៊ីនតោន)៖ យោងតាមការសេចក្តីប្រកាសរបស់អ្នករៀបចំកម្មវិធីប្រកួតបានឲ្យដឹងនាថ្ងៃទី២១ ខែកក្កដាថាព្រឹត្តិការណ៍វាយកូនបាល់ ATP Washington Open 2020 ត្រូវបានសម្រេចលុបចោល ក្រោយពីជួបវិបត្តិ COVID-19 បន្តាប់ពីផ្អាកជាបណ្តោះអាសន្នកាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ Xinhua នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

ការប្រកួតដែលមានទីតាំងនៅសហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុង Washington ដែលគ្រោងធ្វើឡើងនាអំឡុងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ខាងមុខនោះ នៅពេលនេះត្រូវបានអ្នករៀបចំ ATP សម្រេចលុបចោលវិញហើយ ក្រោយជួបវិបត្តិ COVID-19 ដែលរីករាលដាលជាបន្តបន្ទាប់។

ប្រភពដដែលបានបន្តថា ការលុបកម្មវិធី Washington Open នេះមិនបានប៉ះពាលដល់ព្រឹត្តិការណ៍ US Open កម្រិត Grand Slam នៅមានទីតាំងនៅទីក្រុងញូវយ៉កនោះទេ ដែលគ្រោងធ្វើឡើងនាថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ជាធម្មតា។

ក្នុងនោះដែរ លោក Andrea Gaudenzi ប្រធានសមាគម ATP បានលើកឡើង «ការប្រកួត Washington Open មិនមាននោះទេនៅក្នុងឆ្នាំនេះ ហើយយើងកំពុងមើលឃើញការប្រកួតត្រឡប់មកវិញនៅឆ្នាំ២០២១ នៅសហរដ្ឋអាមេរិកដែលត្រូវបានចុះហត្ថលេខា ដែលអាចកើតឡើងនៅអំឡុងរដូវក្តៅឆ្នាំ២០២១ ទៀត»