(ភ្នំពេញ)៖ បេក្ខភាពវគ្គផ្ដាប់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៤ ឆ្នាំ២០២០ បានរកឃើញហើយ គឺក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ និងក្រុមជម្រើសខេត្តព្រៃវែង បន្ទាប់ពីបន្ដយកឈ្នះគូប្រជែងរៀងៗខ្លួន ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។
សម្រាប់ខេត្តត្បូងឃ្មុំ បានបន្ដយកឈ្នះខេត្តកែប ដោយលទ្ធផល ៣-១ ក្នុងជំនួបជើងទី២ ក្រៅដី ។ ជំនួបដ៏សំខាន់នេះ ត្បូងឃ្មុំ បាននាំមុខ ១គ្រាប់មុន ធ្វើសម្រេចដោយកីឡាករ វ៉ាហេត ហាំហ្វា ស្របពេលខេត្តកែប បានបាត់បង់សមាជិក ២នាក់ គឺប្រធានក្រុម សុខ ភារម្យ និង ហង្ស ប៉ាលីដា ដែលទទួលបានកាតលឿង ២ដង(កាតក្រហម) នៅពាក់កណ្ដាលវគ្គទី១ និងដើមវគ្គទី២ ។
ទោះបីចាញ់ប្រៀបក្រុមភ្ញៀវក្ដី តែខេត្តកែប បានព្យាយាមវាយបករកគ្រាប់បាល់តាមស្មើ ១-១ នៅនាទី៦១ ។ ប៉ុន្ដែគួរឲ្យស្ដាយ ខេត្តត្បូងឃ្មុំ បានដាក់សម្ពាធកាន់តែខ្លាំង រហូតរកបាន ២គ្រាប់បន្ថែម មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ខេត្តត្បូងឃ្មុំ ឈ្នះខេត្តកែប ៣-១ ។ សរុបលទ្ធផលទាំង ២ជើង ក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ បានយកឈ្នះខេត្តកែប ៥-២ ដ្បិតកាលពីជើងទី១ ត្បូងឃ្មុំ ក៏ឈ្នះក្នុងដី ២-១ ដែរ ។
ដោយឡែកខេត្តព្រៃវែងវិញ បានលត់ក្រុមជម្រើសខេត្តសៀមរាប យ៉ាងចាស់ដៃ ដោយលទ្ធផល ៧-០ ក្នុងជំនួបជើងទី២ ។ ៧គ្រាប់របស់ខេត្តព្រៃវែង ធ្វើសម្រេចដោយកីឡាករ វុធ តុលា និង ឌី ផារ៉ាន់ ម្នាក់ ២គ្រាប់, កីឡាករ សរ រតនា, អ៊ិន ឃឹនដារ៉ូ និង សរ សាមុត ម្នាក់ ១គ្រាប់ ។ សរុបលទ្ធផលទាំង ២ជើង ខេត្តព្រៃវែង បានយកឈ្នះខេត្តសៀមរាប ៧-០ ដើម្បីឡើងវគ្គផ្ដាច់ព្រ័តលើកដំបូង ជាមួយក្រុមជើងឯកឆ្នាំចាស់ ខេត្តត្បូងឃ្មុំ ។
ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងធ្វើឡើងនាថ្ងៃទី២៩ ខែកក្កដាខាងមុខ នៅពហុកីឡដ្ឋានជាតិ ក្នុងនោះខេត្តកែប ត្រូវជួបខេត្តសៀមរាប ដណ្ដើមចំណាត់ថ្នាក់លេខ៣ នាវេលាម៉ោង ៣រសៀល ។ រីឯការប្រកួតដណ្ដើមជើងឯក រវាងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង នឹងប្រកួតនាវេលាម៉ោង ៦ល្ងាច ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC កាលពីថ្មីៗ៕