(ឡុងដ៍)៖ អ្នករៀបចំលីគបាល់ឱប English Premiership បានថ្លែងឲ្យដឹងនៅថ្ងៃពុធថា កីឡាករចំនួន២នាក់ ត្រូវបានគេរកឃើញថា មានលទ្ធផល វិជ្ជមានឡេីងវិញ (លាប់) នៅក្នុងការធ្វើតេស្ត រកវីរ៉ុស COVID-19 ជុំចុងក្រោយរបស់ខ្លួន ដែលបានធ្វើឡើង លើកីឡាករ និងបុគ្គលិកក្លិប ចំនួន៨៩៦នាក់ ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

រការប្រកួតកីឡាបាល់ឱបរដូវកាលនេះ ត្រូវបានផ្អាកក្នុងខែមីនា នៅក្នុងវិធានការនៃការទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរ៉ុស COVID-19។ ប៉ុន្តែក្លិបត្រូវបានគេអនុញ្ញាត ឲ្យចាប់ផ្តើមហ្វឹកហាត់វិញនៅដើមខែនេះ។

មានករណីវិជ្ជមាននៃវីរ៉ុសឆ្លង COVID-19 សរុបចំនួន២១ករណី ដែលត្រូវបានគេរកឃើញនៅក្នុងកម្មវិធីតេស្តរកវីរ៉ុស ចំនួន៣ជុំ របស់ English Premiership ដែលបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដានេះ។

គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតបាល់ឱប លីគ English Premiership ដែលនៅសល់ការប្រកួត៩ជុំទៀតនោះ នឹងចាប់ផ្តើមបន្តការប្រកួតឡើងវិញនៅថ្ងៃទី១៤-១៦ ខែសីហាខាងមុខ៕