(ភ្នំពេញ)៖ ព្រះធម៌ជាទីស្ងប់ស្ងាត់ បំបាត់រាល់ទុក្ខកង្វល់ ខណៈពេលនេះតារាចម្រៀងបែបយុវវ័យ ដែលមានអ្នកគាំទ្រច្រើន លោក ងួន ចាន់ដេវីត ហៅជី ដេវីត បានទៅសាងផ្នួសប្តូរឈ្មោះជាសង្ឃ ដើម្បីបំបាត់ភាពស្មុគស្មាញ ដែលបានឆ្លងកាត់កន្លងមក។ ការរត់ទៅសាកផ្នួសរបស់លោក ជី ដេវីត នៅពេលនេះ គឺបន្ទាប់ពីទើបតែជូនកាដូរថយន្តទំនើប ថ្នាក់អភិជនម៉ាក់ Rolls Royce Ghost ឲ្យទៅកញ្ញា ទេព បូព្រឹក្ស ជាគូស្នេហ៍រួចរាល់។
ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីលោក ជី ដេវីត បានរៀបចំគម្រោងការ Surprise កាដូរយ៉ាងពិសេស ថយន្តទំនើប Rolls Royce Ghost មានតម្លៃរាប់សែនដុល្លារឲ្យ បូ ព្រឹក្ស មុនពេលខានជួបមុខគ្នា ព្រោះតែ ជី ដេវីត ទៅរកព្រះធម៌សាងផ្នួសជាសង្ឃ។
តាមរយៈវីដេអូបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ ជី ដេវីត នៅថ្ងៃទី២២ ខែកក្កដា គឺបានបង្ហាញពីសកម្មភាពនៃការទៅសាងផ្នួស ភ្ជាប់ជាមួយនឹងរ៉ាយរ៉ាប់ពីមូលហេតុមួយចំនួនទៅកាន់អ្នកគាំទ្រ មុននឹងប្តូរឈ្មោះជាសង្ឃ។ លោក ជី ដេវីត និយាយថា ដោយសារតែមួយរយៈនេះ លោកត្រូវការភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ និងចង់យល់ដឹងពីព្រះពុទ្ធសាសនា ក៏សម្រេចចិត្តទៅបួស ដោយចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ តទៅ ដោយមិនកំណត់ថា ពេលវេលាណាមួយ នឹងលាចាកសិក្ខាបទឡើយ។
តាមរយៈវីដេអូ លោក ជី ដេវីត និយាយថា «ថ្ងៃនេះដែរខ្ញុំបាទ ជី ដេវីត គឺជាកូននាគហើយពីពេលវេលានេះតទៅ ហើយដោយសារតែមួយរយៈនេះ ខ្ញុំត្រូវការនូវភាពស្ងប់ស្ងាត់ ក៏ដូចជាចង់រំងាប់នូវអារម្មណ៍ខ្លួនឯង និងចង់ដឹងពីវិស័យព្រះពុទ្ធសាសនា ខ្ញុំបាទក៏សម្រេចចិត្តថានឹងបួស នៅក្នុងរយៈពេលនេះតទៅ ដោយមិនកំណត់ថាពេលវេលាណាមួួយទេ ថានឹងត្រឡប់ទៅវិញ ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នា នឹងសប្បាយចិត្តជាមួយបុណ្យកុសល ដែលខ្ញុំកំពុងតែបំពេញនេះ ហើយសូមឲ្យបុណ្យកុសលទាំងអស់ជូនដល់បងប្អូនទាំងអស់គ្នា ដែលតែងតែស្រឡាញ់ និងគាំទ្រដល់រូបខ្ញុំបាទ...»។
តាមរយៈសារនេះ លោក ជី ដេវីត បានប្ដេជ្ញាចិត្តថា នឹងខិតខំប្រតិបត្តិឲ្យខ្ជាប់ខ្ជួនតាមមាគ៌ា ដែលព្រះពុទ្ធបានពុដិកាដល់សត្វលោក ខណៈសកម្មភាពរបស់លោក ជី ដេវិត នៅពេលនេះ បាននឹងកំពុងតែធ្វើឲ្យមហាជនកោតសរសើរគ្រប់គ្នា ព្រោះក្រៅពីមានចំណេះជំនាញផ្នែកសិល្បៈ មានសមត្ថភាពរកប្រាក់ បំពេញតាមសេចក្តីត្រូវការរបស់ខ្លួន និងគ្រួសារហើយនោះ លោកក៏ជាអ្នកកាន់ព្រះពុទ្ធសាសនាមួយរូបផងដែរ។ ដោយនឹកឃើញពីព្រះធម៌ពេលចង់បំបាត់ទុក្ខកង្វល់៕