(លីវើភូល)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅក្លិបហង្សក្រហមបានថ្លែងថា Liverpool «នឹងមិនឈប់នោះទេ» បើទោះបីជាឈ្នះជើងឯក Premier League រដូវកាលនេះហើយក៏ដោយ។
តាមរយៈគេហទំព័រកីឡា LiveScore បានចេញផ្សាយថា ហង្សក្រហមបានប្រារព្ធពិធីលើកពាន Premier League រដូវកាលនេះរួចរាល់ហើយនៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្តផ្តួលគូប្រជែង តោខៀវ Chelsea ក្នុងលទ្ធផល ៥-៣ នៃសប្តាហ៍ទី៣៧ ជើងទី២ ពីការរកបាន ៩៦ពិន្ទុនាំមុខក្រុមលេខ២ ដែលជាជើងឯកឆ្នាំចាស់ Manchester City ដែលមានតែ ៧៦ពិន្ទុដោយនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា។
ក្រោយពីពិធីប្រគល់ និងទទួលពានរួច អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Klopp បានថ្លែងប្រាប់ Sky Sports ផងថា «យើងនឹងមិនឈប់នោះទេ។ យើងនៅតែប្រយុទ្ធទាំងប្រកួតដែលនៅសល់ និងសម្រាប់រដូវកាលក្រោយទៀត។ យើងត្រូវតែអភិវឌ្ឍក្រុមជាបន្តទៀត ជាមួយនឹងកីឡាករល្អៗដែលយើងកំពុងមានក្នុងដៃផងដែរ»។
Jurgen Klopp ដែលបានចូលដឹកក្រុមអង់គ្លេស Liverpool កាលពីឆ្នាំ២០១៥ នោះ បានជួយក្រុមហង្សក្រហមមួយនេះ ឈ្នះជើងឯកពាន UEFA Champions League កាលពីរដូវកាលមុន ក្រោយព្យាយាមមិនបានសម្រេចកាលឆ្នាំ២០១៨ មុនមកឈ្នះពានលីគ Premier League រដូវកាលនេះ បន្ថែមលើពាន UEFA Super Cup និង FIFA Club World Cup ថែមទៀតផង៕