(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរៀបចំសិក្ខាសាលាមួយ ដើម្បីត្រួតពិនិត្យអំពីធាតុចូល និងខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា។ សិក្ខាសាលានេះ គ្រោងរៀបចំរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌បានថ្លែងក្នុងពិធីបើកថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំកាយ និងកីឡា គ្រប់សកម្មភាព ទាំងសកម្មភាពហាត់ប្រាណ និងការលេងកីឡាជំនាញ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលជំរុញប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡាមួយមុខ។

ដូច្នេះដើម្បីធានាបាននូវឧត្តមភាពក្នុងវិស័យអាទិភាពមួយនេះ ក្រសួងអប់រំ ត្រូវការរៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ហើយច្បាប់នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការជំរុញវិស័យកីឡាជាតិឲ្យកាន់តែរីចចម្រើន ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ លោក ណាត ប៊ុនរឿន បន្ថែម។

លោកបន្ដថា ក្រសួងអប់រំបានបង្កើតគណៈកម្មការសិសក្សាស្រាវជ្រាវរៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡានេះ ដោយមានសមាជិក ២០រូប។ គណៈកម្មការនេះមានភារកិច្ចសិក្សាពីច្បាប់កីឡាផ្សេងៗ ក្នុងប្រទេស តំបន់ និងអន្ដរជាតិ រួមទាំងតួនាទីរបស់ក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដើម្បីស្នើសុំយោបល់ថ្នាក់ដឹកនាំក្រសួង បន្ទាប់ពីសិក្ខាសាលានេះ។

សម្រាប់សិក្ខាសាលាស្វែងរកធាតុចូលនៃសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា គឺមានសិក្ខាកាមចូលរួមចំនួន ៥០រូប មកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ គណៈកម្មការជាតិអូឡាំពិកកម្ពុជា គណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ រួមទាំងវាគ្មិន និងអ្នកជំនាញជាច្រើនរូប ដើម្បីធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះ៕