(ជប៉ុន)៖ ទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រហស្បត្តិ៍នេះ បានប្រារព្ធពិធីជាលើកទី២ នៃការបញ្ជាក់ថា សល់រយៈពេលមួយឆ្នាំទៀត នៃដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអូឡាំពិក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែកក្កដានេះ។

គួររំលឹកថា ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនោះ គ្រោងនឹងធ្វើឡើង នៅថ្ងៃសុក្រស្អែកនេះ ជាមួយនឹងការរំពឹងថា នឹងរៀបចំពិធីបើកព្រឹត្តិការណ៍យ៉ាងធំ នៅឯពហុកីឡដ្ឋានជាតិ ប៉ុន្តែព្រឹត្តិការណ៍កីឡានេះ ត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១វិញ ដោយសារតែការរីករាលដាលជាសកល នៃវីរ៉ុសឆ្លង COVID-19។

កាលពីឆ្នាំមុន, ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានអញ្ជើញជាអធិបតីនៃពិធីនេះ ដែលបានធ្វើឡើង នៅក្នុងទីក្រុងតូក្យូ ហើយបានប្រកាសថា ទីក្រុងតូក្យូ បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ល្អបំផុត ដែលលោកមិនធ្លាប់បានឃើញពីមុនមក។

គួរបញ្ជាក់ថា ការប្រារព្ធពិធីនាថ្ងៃព្រហស្បត្តិ៍នេះ បានធ្វើឡើង ស្របពេលដែលទីក្រុងតូក្យូ បានរកឃើញករណីឆ្លងថ្មី នៃវីរ៉ុស COVID-19 ចំនួន៣៦៦ករណី, កំណត់ត្រាប្រចាំថ្ងៃថ្មី ដែលជំរុញឲ្យមានការភ័យខ្លាច នៃការឆ្លងវីរ៉ុសរលកទី២៕