(ភ្នំពេញ)៖ ខ្សែបម្រើ-ប្រយុទ្ធដ៏សំខាន់របស់វិសាខា ស៊ិន កក្កដា បានបង្ហាញការជឿជាក់យ៉ាងមុតមាំ ក្នុងជំនួបជាមួយក្រុមភ្ញៀវអាស៊ីអឺរ៉ុប នាល្ងាចថ្ងៃសៅរ៍នេះ ដោយរំពឹងក្រុមខ្លួននឹងអាចដណ្ដើម ៣ពិន្ទុក្នុងផ្ទះ ដើម្បីកែកំណត់ត្រាមួយ គឺការបរាជ័យក្នុងដី ២ឆ្នាំជាប់គ្នាកាលពី ២រដូវកាលមុន។

សមាជិកក្រុមគោព្រៃកម្ពុជារូបនេះបញ្ជាក់ថា «អាស៊ីអឺរ៉ុប គឺជាក្រុមមួយល្អ និយាយរួមខ្ញុំចាត់ទុកក្រុមទាំងអស់សុទ្ធតែជាក្រុមខ្លាំង។ ចំពោះការរៀបចំវិញគឺល្អដូចគ្នា ហើយក្រុមទាំងពីរ ធ្លាប់ឈ្នះ-ចាញ់គ្នាទៅវិញទៅមកទៀត។ ប៉ុន្ដែពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមយើងរៀបចំកាន់តែល្អប្រសើរឡើងៗ។ ដូច្នេះសង្ឃឹមថា ថ្ងៃសៅរ៍នេះពួកយើងនឹងធ្វើបានល្អ ដើម្បីទទួលបាន៣ពិន្ទុ និងកែប្រវត្តិលទ្ធផលមិនល្អ ក្នុងជើងទី១ កាលពី ២រដូវកាលមុន»

គេនៅចាំបានថា កាលពី២រដូវកាលមុន ក្នុងនាមក្រុមលំដាប់កំពូលមួយ នៃលីគកំពូលកម្ពុជា វិសាខាបានជួបរឿងខកចិត្តច្រំដែល ក្នុងការបើកទ្វារផ្ទះទទួលក្រុមអាស៊ីអឺរ៉ុប នៅជើងទី១ ពោលគឺតែងចាញ់ក្រុមភ្ញៀវ ក្នុងនោះឆ្នាំ២០១៨ វិសាខា ចាញ់ក្នុងផ្ទះ ០-២ មុនវាយបកឈ្នះ ៤-២ នៅជើងទី២។ ឆ្នាំ២០១៩ វិសាខា ចាញ់ក្នុងផ្ទះ ១-៣ ហើយវាយបកឈ្នះ ៥-១ វិញ នៅជើងទី២។ លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងនៅពេលក្រុមទាំងពីរជួបគ្នា។

ចំពោះការប្រកួតជើងទី១ នារដូវកាលឆ្នាំ២០២០២ នេះដែរ នឹងចាប់ផ្ដើមប្រកួតម៉ោង ៦ល្ងាច នៅកីឡដ្ឋានព្រីសន៍។ បច្ចុប្បន្នក្រុមវិសាខា កំពុងឈរលេខ៤ និងមាន ១៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួតឈ្នះ៥ ស្មើ១ និងចាញ់២ ខណៈអាស៊ីអឺរ៉ុប កំពុងឈរលេខ៩ និងមាន ៧ពិន្ទុ ជាមួយលទ្ធផល ៧ប្រកួតឈ្នះ ២ ស្មើ១ និងចាញ់៤។ ការប្រកួតនេះ វិសាខា គឺត្រូវការ ៣ពិន្ទុចាំបាច់ ដើម្បីពង្រឹងកៅអី Top-6 និងបន្ដឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា រដូវកាលនេះ៕