(ភ្នំពេញ)៖ អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន នឹងត្រូវជួបអតីតក្រុមជើងឯក ៣សម័យបឹងកេត នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃអាទិត្យ ទី២៦ ខែកក្កដាចុងសប្ដាហ៍នេះនៅកីឡដ្ឋាន Cambodia Airway។ នេះគឺជាជំនួបដ៏កក្រើកក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ដែលអ្នកគាំទ្រកម្ពុជាឲ្យឈ្មោះថា ជំនួប The Cambodia Classic Match។
ជុំវិញការប្រកួតនេះ ខ្សែប្រយុទ្ធជួរមុខភ្នំពេញក្រោន កីឡាករ Timothy Okereke បានបង្ហាញនូវកង្វល់បន្ដិចបន្ទួច ដ្បិតខ្លួនស្គាល់ច្បាស់ពីក្រុមបឹងកេត ដែលជាក្រុមខ្លាំងមួយនៅកម្ពុជា។ Timothy និយាយថា «បឹងកេតជាក្រុមដែលល្អ ដូច្នេះយើងត្រូវតែធ្វើការខ្លាំង និងគោរពវិន័យដើម្បីទទួលបានលទ្ធផលដែលល្អសម្រាប់ថ្ងៃអាទិត្យនេះ។ ខ្ញុំមានកង្វល់បន្តិចបបន្ទួចដែរ ប៉ុន្តែមិនមានន័យថា ខ្ញុំមិនទាន់រួចរាល់នោះទេ យើងទាំងអស់គ្នាត្រៀមខ្លួនហើយសម្រាប់ការប្រកួតនេះ»។
កីឡាករកំពុងឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៨ ក្រោយរកបាន ១១គ្រាប់ស្មើកីឡាករ Pedro របស់ព្រះខ័នរាជស្វាយរៀងខាងលើបន្ដថា «សម្រាប់ខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ល្អរាល់ការប្រកួតទាំងអស់ យើងបានផ្តោតអារម្មណ៍សម្រាប់ការប្រកួត កែលម្អរនៅចំនុចខ្វះខាត ហើយខ្ញុំរំពឹងថាយើងនឹងធ្វើវាបានល្អជាងមុន ដើម្បីយកជ័យជម្នះមកកាន់ផ្ទះរបស់យើងវិញ»។
ក្រឡេកទៅមើលប្រវត្តិធ្លាប់ជួបគ្នាវិញ ក្រោយបឹងកេត ឡើងមកលីគកំពូលកម្ពុជា ឆ្នាំ២០១២ ក្រុមទាំងពីរ ធ្លាប់ជួបគ្នា ១៦ដងមកហើយ ក្នុងនោះបឹងកេត ឈ្នះ ១០ដង ស្មើ ២ដង និងចាញ់ ៤ដង មានន័យថា ភ្នំពេញក្រោន ធ្លាប់ឈ្នះតែ ៤ដងប៉ុណ្ណោះ។ ដូច្នេះការប្រកួតថ្ងៃអាទិត្យនេះ នឹងកាន់តែកក្រើក ដ្បិតក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួន ដើម្បីពង្រឹងកៅអី Top-6 ក៏ដូចជារក្សាឱកាសប្រជែងកៅអីកំពូលតារាង។
គួរបញ្ជាក់ថា ជំនួប The Cambodia Classic Match នេះ តែងទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្រ ជាក់ស្ដែងរាល់ពេលក្រុមទាំងពីរជួបគ្នាម្ដងៗ តែងមានអ្នកគាំទ្រចូលទស្សនាពេញៗកីឡដ្ឋាន។ ប៉ុន្ដែគួរឲ្យស្ដាយឆ្នាំនេះ ការប្រកួតជើងទី១ រវាងបឹងកេត និងភ្នំពេញក្រោន គឺមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាផ្ទាល់ឡើយ ដើម្បីការពារជំងឺកូវីដ-១៩ (Covid-19) ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរកីឡា៕