(ភ្នំពេញ)៖ វត្តមានរបស់លោក Apisit Im Amphai ជាមួយក្រុមបាល់ទាត់ខេត្តកោះកុង (Koh Kong FC) បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគ្រូបង្វឹកជនជាតិថៃរូបនេះ បានចែកផ្លូវជាមួយក្លិបបឹងកេតកាលពីពេលថ្មីៗ ហើយទៅបង្ហាត់ក្រុមមិនអាជីពមួយនេះ។
ជុំវិញសកម្មភាពអមដោយចម្ងល់ខាងលើ តំណាងក្រុម Koh Kong FC ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងតាមរយៈសារអេឡិចត្រូនិកថា ជាការពិតបច្ចុប្បន្នលោក Apisit Im Amphai ត្រូវបានតែងតាំងជាគ្រូបង្គោល ដើម្បីជ្រើសរើសកីឡាករត្រៀមចូលរួមប្រកួតលីគទី២ កម្ពុជា នាឆ្នាំ២០២១ ខាងមុខ។
ប្រភពខាងលើ បញ្ជាក់ថា «គាត់(Apisit) ពិតជាមានវត្តមាន និងបង្ហាត់នៅខេត្តកោះកុងមែន ។ គាត់កំពុងស្ទាបស្ទង់ និងចម្រាញ់ជ្រើសរើសកីឡាករ ដែលមានសមត្ថភាព ដើម្បីត្រៀមលក្ខណៈចូលរួមលីគ ២ ។ គោលដៅរបស់យើង គឺបង្កើតធនធានមនុស្សឲ្យបានច្រើន ជាពិសេសគឺយុវជនខេត្តកោះកុងតែម្តង» ។
ប្រភពដដែលសង្កត់ធ្ងន់ថា «លោក Apisit Im Amphai គឺជាគ្រូបង្វឹករបស់ Koh Kong FC ហើយគាត់នឹងនៅជួយរយៈពេលវែង ដើម្បីកសាងក្លិបមួយនេះឲ្យចេញជារូបរៀង ។ ជារួមបច្ចុប្បន្ន ក្រុមបាល់ទាត់ខេត្តកោះកុង នៅជាសមាគមនៅឡើយ ហើយថ្នាក់ដឹកនាំក្រុម កំពុងរៀបចំរចនាសម្ព័ន្ធឲ្យចេញជាក្លិបយ៉ាងពេញលេញនាពេលខាងមុខ» ។
សូមបញ្ជាក់ថា លោក Apisit Im Amphai គឺជាគ្រូបង្វឹកកម្រិតខ្ពស់ម្នាក់ ។ មុនចូលរួមដឹកនាំក្រុមបាល់ទាត់ខេត្តកោះកុង លោកបានដឹកនាំក្រុមបឹងកេត បានចំនួន ៤ប្រកួត ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ ជាមួយលទ្ធផលឈ្នះ ២ និងស្មើ ២ ។ បន្ទាប់មកស្របពេលលីគកំពូលកម្ពុជា ដំណើរការប្រកួតឡើងវិញ បន្ទាប់ពីផ្អាកដោយសារវិបត្តិកូវីដ-១៩ ក្លិបបឹងកេត ក៏ប្រកាសចែកផ្លូវជាមួយលោក ក្រោមហេតុផលផ្ទាល់ខ្លួនតែម្ដង៕