(ភ្នំពេញ)៖ ម្តាយបង្កើតរបស់តារាចម្រៀងត្រកូល «អោក» មានដូចជា កញ្ញា អោក សុម៉ាលីតា, អ្នកនាង អោក សុម៉ាវត្តី, អ្នកនាង អោក សុម៉ារីម៉ា, អ្នកនាង អោក សុម៉ាដាលីស គឺអ្នកស្រី ទីវ សោភ័ណ្ឌ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ​៥៩ឆ្នាំ នៅវេលាម៉ោង​២​ទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ដែលធ្វើឲ្យមិត្តភក្តិជាអ្នកសិល្បៈដូចគ្នា ក៏ដូចជាសាច់ញាតិ សម្តែងនូវក្តីទុក្ខសោក និងសោកស្ដាយគ្រប់ៗគ្នា​ ខណៈតារាចម្រៀង អោក សុម៉ារីម៉ា កំពុងតែរស់នៅសហរដ្ឋអាមេរិក​ ខកខានមិនបានចូលរួមពិធីបុណ្យសពម្ដាយរបស់ខ្លួនឡើយ!

បើតាមលោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា «ជាការពិតម្ដាយបង្កើតរបស់តារាចម្រៀងត្រកូល អោក គឺពិតជាបានទទួលមរណភាពមែន កាលពីវេលាម៉ោងជាង២ ទាបភ្លឺឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ ដោយពេលនេះសពកំពុងតម្កល់ធ្វើបុណ្យនៅវត្តវាលស្បូវ។ ជាមួយគ្នានេះ ក៏មានអ្នកសិល្បៈមួយចំនួន ​បានទៅចូលរួមជាបណ្ដើរៗហើយដែរ»

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ តារាចម្រៀង ញឹម ចាន់ថន ដែលបានទៅចូលរួមផ្ទាល់ ពេលដឹកសពចេញពីមន្ទីរពេទ្យ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងបរិវេណវត្តវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានបញ្ជាក់ឲ្យដឹងថា ម្តាយបង្កើតរបស់ត្រកូល «អោក» បានទទួលមរណភាពហើយ ដោយនាងបានសម្តែងអារម្មណ៍ភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា អ្វីៗហាក់បីដូចជាលឿនហួសពេក។

ញឹម ចាន់ថន សរសេរក្នុងហ្វេសប៊ុករបស់នាងថា «ម៉ាក់សម្លាញ់ (អោក ម៉ាសុវត្តី) ស្លាប់ ម៉ោង២យប់ ឥទ្បូវមកដល់វត្តវាលស្បូវហើយ គ្នាពិតជាសោកស្ដាយណាស់សម្លាញ់ ខ្ញុំលែងបានច្រៀងលេងជាមួយម៉ាក់ទៀតហេីយ ដាច់ចិត្តណាស់ លឿនពេកហើយម៉ាក់អើយ ខ្ញុំមិនមែនកូនបង្កើតទេ តែម៉ាក់ស្រទ្បាញ់ខ្ញុំដូចកូនអ៉ីចឹង មិនទាន់បានគេងទេ មកដល់ម៉ោងនេះខ្ញុំ ក៏មិនស្រួលខ្លួនដែរ សូមទៅឲ្យបានសុខណាម៉ាក់»

ជាមួយគ្នានេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកសិល្បៈជាច្រើនទៀត បានចូលរួមចែករំលែកព័ត៌មាននៃការស្លាប់របស់ម្តាយត្រកូល «អោក» នេះ ដោយក្នុងនោះ ពួកគេបានសម្តែងនូវមរណទុក្ខ និងចូលរួមរួមលែកទុក្ខគ្រប់ៗគ្នា។

​Fresh News Plus សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ របស់ម្ដាយបង្កើតតារាចម្រៀងត្រកូល «អោក» ​និងសូមបួងសួងដល់វិញ្ញាណ​ក្ខន្ធអ្នកម្តាយតារាចម្រៀងត្រកូល «អោក» បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើត៕