(បរទេស)៖ Walt Disney បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ ទី២៣ ថាខ្សែភាពយន្តធំៗរបស់ខ្លួនចំនួន២ គឺរឿង «Avatar» និង «Star Wars» ត្រូវបានពន្យារពេល ខណៈរឿង «Mulan» ក៏ដូចគ្នាដែរ ព្រោះតែវិបត្តិកូវីដ១៩ ដែលធ្វើរោងភាពយន្តនៅសហរដ្ឋអាមេរិក នៅតែមិនអាចដំណើរការបាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
មានការសន្និដ្ឋាន រឿង «Mulan» អាចនឹងចាក់បញ្ចាំងនៅចុងរដូវក្តៅនេះ នៅពេលដែលរោងភាពយន្តបើកដំណើរការឡើងវិញ។ ដោយឡែក រឿង «Avatar» ដែលនឹងត្រូវចាក់បញ្ចាំងគ្រប់រោងភាពយន្តជាលើកដំបូងនោះ នឹងត្រូវលើកទៅដល់ខែធ្នូ ឆ្នាំ២០២២ ខណៈរឿង «Star War» នឹងលើកទៅខែធ្នូ ឆ្នាំ២០២៣។
ជាការកត់សម្គាល់ នៅតាមបណ្តាប្រទេសមួយចំនួន រោងភាពយន្តបានចាប់ផ្តើមដាក់ឲ្យដំណើរការឡើងវិញហើយ។ នៅប្រទេសអង់គ្លេស បានអនុញ្ញាតឲ្យបើករោងភាពយន្តឡើងវិញ តាំងពីថ្ងៃទី០៤ ខែកក្កដាមកម្ល៉េះ ខណៈនៅអាមេរិកខាងជើង ហាក់មិនទាន់ច្បាស់នៅឡើយទេពីការបើករោងភាពយន្តនេះ។
ញូវយ៉ក និង ឡូសអេនជឺលេស ត្រូវបានគេដឹងថា ជាទីក្រុងពីរ ដែលមានទីផ្សារធំប្រចាំសហរដ្ឋអាមេរិក ខណៈបច្ចុប្បន្នហាក់មិនទាន់មានផែនការច្បាស់លាស់ នៅឡើយពីការបើករោងភាពយន្តឡើងវិញ។
គួរជម្រាបថា ក្នុងសប្តាហ៍នេះ ប្រទេសចិន ដែលជាទីផ្សារភាពយន្តដ៏ធំទី២ របស់ពិភពលោក បានចាប់ផ្តើមដំណើរការភាពយន្តឡើងវិញហើយ បន្ទាប់ពីផ្អាកសកម្មភាពរយៈពេល៦ខែ៕