(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រកាសនឹងបញ្ជូនកីឡាករជម្រើសជាតិ ៣នាក់ ទៅហ្វឹកហាត់រយៈពេល ៣ខែ នៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
កីឡាករជម្រើសកីឡាទោចក្រយាន ៣រូបខាងលើ គឺមានកីឡាករ យឿន ភីយុទ្ធ, ហួត លយរស្មី និងកីឡាករ គឹម ចាន់ធូ។ ការបញ្ជូននេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចសហការរវាងសហព័ន្ធខ្មែរកីឡាទោចក្រយាន និងសមាគមប្រណាំងកីឡាទោចក្រយានកម្ពុជា នៅប្រទេសបារាំង (Cambodia Cycling Academy)។
សហព័ន្ធបានបញ្ជាក់ថា បេសកកម្មនេះ ភាគីសមាគមកីឡាទោចក្រយានកម្ពុជានៅប្រទេសបារាំង គឺជាអ្នករ៉ាប់រងទាំងស្រុង ទាំងលើលិខិតស្នាមនានា រួមទាំងការស្នាក់នៅ ការហូបចុក និងសំបុត្រយន្ដហោះធ្វើដំណើរទៅមក ជូនក្រុមកីឡាករកម្ពុជាទាំង ៣រូប ដើម្បីរួមចំណែកពង្រឹងសមត្ថភាពពួកគេឲ្យកាន់តែរីកចម្រើន។
តាមគម្រោងអ្នកទាំងបី នឹងចេញទៅហាត់នៅបារាំង នាខែកញ្ញា ដោយពួកគេនឹងធ្វើការហ្វឹកហាត់ផ្ទាល់ជាមួយកីឡាករបរទេស និងគ្រូបង្វឹកជនជាតិបារាំង ដើម្បីបង្កើនសមត្ថភាព បទពិសោធន៍ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕