(កូរ៉េ)៖ វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េខាងត្បូង បានបង្ហាញពីចំណាត់ថ្នាក់ ក្រុមចម្រៀង K-POP ​បានពង្រីកឥទ្ធិពល ទទួលបានភាពល្បីល្បាញជាងគេប្រចាំខែកក្កដា។ ដោយក្នុងនោះក្រុមចម្រៀងបុរស BTS ជាប់ចំណាត់ថ្នាក់លេខ១, ក្រុមចម្រៀងនារី BLACKPINK ជាប់ចំណាត់ថ្នាក់លេខ២ និងក្រុមចម្រៀងនារី Red Velvet ជាប់ចំណាត់ថ្នាក់លេខ៣។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

ទី១៖ ក្រុមចម្រៀងបុរស BTS បានឈរនៅលំដាប់កំពូល នៃចំណាត់ថ្នាក់នេះជាច្រើនខែមកហើយ ខណៈក្នុងខែកក្កដានេះ ក៏នៅតែរក្សាលេខរៀងទី១ ដដែល ជាមួយលំដាប់ពិន្ទុក ១០,៩៧៣,៥៦២។ បើតាមទិន្នន័យ ទោះបីជាពិន្ទុករបស់ពួកគេបានធ្លាប់ចុះ ១៣% ក្តី តែអាចរក្សាបានលំដាប់កំពូលដដែល។

ទី២៖ ក្រុមចម្រៀងនារី BLACKPINK បានឈរនៅលេខរៀងទី២ បន្ទាប់ពី BTS ក្នុងខែកក្កដានេះ ជាមួយលំដាប់ពិន្ទុក ១០,០៨៣,៥៧៤។ ចំនួននេះ គឺបានកើនឡើង ២៩.៤៦ ភាគរយ បើធៀបនឹងខែមុន។

ទី៣៖ ក្រុមចម្រៀងនារី Red Velvet បានឈរនៅលេខរៀងទី៣ ជាមួយលំដាប់ពិន្ទុក ៣,៩៣៨,៨៥៧ កើនឡើង ៣៧,៣១ ភាគរយ បើធៀបនឹងខែមុន។

គួរជម្រាបថា ចំណាត់ថ្នាក់នេះ ត្រូវបានកំណត់ឡើងតាមរយៈចំនួន នៃការចូលរួមរបស់អតិថិជន (អ្នកគាំទ្រ), ការផ្សព្វផ្សាយព័ត៌មាន, ការពង្រីកឥទ្ធិពល, សន្ទស្សន៍នៃការទទួលបានប្រជាប្រិយភាព ក្នុងចំណោមក្រុមចម្រៀងចំនួន១០០ផ្សេងទៀត ដោយប្រើប្រាស់ការប្រមូលទិន្នន័យធំមួយ រាប់គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០៕