(អាមេរិក)៖ ថ្មីៗនេះ Tesla បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃទីផ្សារមូលធនថ្លៃបំផុតរហូតដល់ជាង ២០០ពាន់លានដុល្លារអាមេរិក ហើយលោក Elon Musk ក៏បានទទួលនូវប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកផងដែរ ព្រោះតែលោកបានធ្វើឱ្យការលក់កើនឡើងលើសពីការរំពឹងទុក។

នៅពេលដែលគេនិយាយដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla គឺគេតែងតែនឹកដល់លោក Elon Musk ប៉ុន្តែលោកអ្នកមានដឹងទេថា Elon Musk មិនមែនជាស្ថាបនិកបង្កើតក្រុមហ៊ុន Tesla ឡើយ។

នៅឆ្នាំ២០០៣ លោក Martin Eberhard និង Marc Tarpenning ដែលសុទ្ធតែវិស្វករអគ្គិសនីដ៏ជំនាញបានសហការគ្នាបង្កើតក្រុមហ៊ុន Tesla ឡើង ពោលគឺចង់ពេលដែលក្រុមហ៊ុន GM ប្រកាសប្រមូលរថយន្តអគ្គិសនីម៉ាក EV1 មកធ្វើការកម្ទេចចោល ហើយវាក៏ជាឱកាសម្រាប់ Tesla ផងដែរ ប៉ុន្តែ រឿងមួយដែលធ្វើឱ្យប្រតិបត្តិការគ្រប់យ៉ាងត្រូវរាំងស្ទះគឺថវិកា។

នៅឆ្នាំ២០០៤ លោក Ian Wright ក៏បានចូលក្នុងក្រុមជាមួយលោក លោក Martin Eberhard និង Marc Tarpenning ដើម្បីជំរុញប្រតិបត្តិការ។ នៅក្នុងឆ្នាំ២០០៤ ដដែលនោះ បុរសទាំងបីនាក់បានជួបនឹងលោក Elon Musk ហើយក្រោយពីជួបគ្នា លោក Elon Musk ក៏បានបោះទុនវិនិយោគក្នុងទឹកប្រាក់ចន្លោះ៦ទៅ ៧.៥លានដុល្លារអាមេរិក ហើយអ្នកទាំងបួនក៏បានហៅខ្លួនឯងថា «សហស្ថាបនិក»

ក្រោយពីចូលខ្លួនវិនិយោគហើយ លោក Musk បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងបានតែងតាំងលោក Martin Eberhard ឱ្យធ្វើជានាយកប្រតិបត្តិ។ ដំណើរការបានមួយរយៈ ស្រាប់តែលោក J. B. Straubel បានចូលក្នុងក្រុមហ៊ុន Tesla ដែលសរុបទាំងអស់មនុស្សនៅក្នុងក្រុមហ៊ុនបានកើនឡើងដល់៥នាក់។

ដើម្បីឱ្យតម្លាភាព លោក Elon Musk ស្នើឱ្យធ្វើការរុះរើឡើងវិញនូវរចនាសម្ព័ន្ធ ដោយដាក់បញ្ចូលពួកគាត់ទាំង៥នាក់ (Eberhard, Tarpenning, Wright, Musk និង Straubel) ជាសហស្ថាបនិក។

នៅក្នុងការបំពេញតួនាទីនៅក្រុមហ៊ុនគឺ Elon Musk មានភាពសកម្មជាងគេ ដោយសារតែគាត់ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងមានការគិតខុសប្លែកពីគេ និងអ្វីដែលសំខាន់គឺក្រុមការងារផ្ដល់ទំនុកចិត្តដល់គាត់។

គួរបញ្ជាក់ផងដែរថា នៅពេលនេះ Elon Musk កាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ប្រមាណជា ២០.៨ភាគរយនៃភាគហ៊ុនក្រុមហ៊ុនទាំងមូល ហើយ ក៏ជាម្ចាស់ភាគហ៊ុនធំជាងគេផងដែរ៕