(ភ្នំពេញ)៖ ទីបំផុតក្រុមវិសាខា បានបំបែកកំណត់ត្រាចាស់របស់ខ្លួនបានហើយ បន្ទាប់ពីលត់ក្រុមអាស៊ីអឺរ៉ុប ១០-១ នៅកីឡដ្ឋានព្រីនស៍ នាល្ងាចថ្ងៃទី២៥ ខែកក្កដានេះ។ ចំណែកក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង និងក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា គឺក្រុមអង្គរថាយហ្គឺរ និងក្រុមសូលទីឡូអង្គរ។
ជ័យជម្នះដ៏ជោគជ័យរបស់ក្រុមម្ចាស់ផ្ទះវិសាខា វគ្គទី១ ពួកគេបានបំប៉ោងសំណាញ់ទីក្រុមលោក សុក វាសនា ៤គ្រាប់ប៉ុណ្ណោះ មុនបន្ថែម ៦គ្រាប់ទៀត នៅវគ្គទី២ ក្នុងនោះមានកីឡាករ ២រូប ធ្វើបាន Hat-Trick គឺកីឡាករ កែវ សុខផេង និង Mihaljevic Filip ដែលរកបានម្នាក់ ៣គ្រាប់ ហើយ ៤គ្រាប់ទៀត រកបានដោយកីឡាករ រ៉ឹង ប៊ុនហៀង, Mustafa Zazai, ងយ ស្រ៊ីន និង Ajayi ម្នាក់ ១គ្រាប់ ។ រីឯ ១គ្រាប់របស់អាស៊ីអឺរ៉ុប គឺរកបានដោយ Abbee Ndjoo ។
ជាមួយការរកបាន ៣ពិន្ទុខាងលើ បានធ្វើក្រុមវិសាខា បំបែកកំណត់ត្រាចាស់របស់ខ្លួនចំនួន ២ ទី១-ការដណ្ដើមបានជ័យជម្នះក្នុងជើងទី១ លើកដំបូង ក្នុងប្រវត្តិជួបគ្នា ៣លើក នៃលីគកំពូលកម្ពុជា ដ្បិតជួបគ្នាជើងទី១ កាលពីឆ្នាំ២០១៨ វិសាខា ចាញ់អាស៊ីអឺរ៉ុប ២-០ និងឆ្នាំ២០១៩ វិសាខា ចាញ់អាស៊ីអឺរ៉ុប ៣-១ ។ ចំណែកទី២-វិសាខា បានយកឈ្នះអាស៊ីអឺរ៉ុបច្រើនគ្រាប់លើកដំបូង ព្រោះកាលពីជើងទី២ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ពួកគេបានវាយបកឈ្នះត្រឹម ៤-២ និង ៥-១ ប៉ុណ្ណោះ ។
ក្រឡេកមកចាប់អារម្មណ៍ក្រុមការពារតំណែងជើងឯកវិញ ពួកគេបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផល ២-០ ។ ជំនួបដ៏តានតឹងនេះ វគ្គទី១ គឺគ្មានការស៊ុតបញ្ចូលទីនោះទេ ទោះបីមានឱកាសច្រើនលើកក្ដី ។ តែចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ Pedro Augusto និង Privat Befolo Mbarga ម្នាក់ ១គ្រាប់ នាំឲ្យក្រុមលោក Conor Nestor ទទួលបាន ៣ពិន្ទុ ដើម្បីរក្សាកំណត់ត្រាមិនស្គាល់ចាញ់ក្នុងឆ្នាំ២០២០ ។
ចំណែកក្រុមកងយោធពលខេមរភូមិន្ទវិញ បានយកឈ្នះក្រុមសូលទីឡូអង្គរ ដោយលទ្ធផល ៣-០ ។ ការប្រកួតនៅកីឡដ្ឋានស្ដាតចាស់នេះ ក៏មិនខុសពីការប្រកួតនៅខេត្តស្វាយរៀងដែរ ដោយវគ្គទី១ ស្មើគ្នា ០-០ ។ តែចូលវគ្គទី២ ត្រឹមរយៈពេល ៥នាទី នៅចន្លោះនាទី៦៩ និងនាទី៧៣ កីឡាករ រឿម ចាន់រឿន, Yannick Francois និងកីឡាករ ណារ៉ុង កក្កដា បានស៊ុតម្នាក់ ១គ្រាប់ ជួយឲ្យក្រុមទ័ព យកឈ្នះក្រុមភ្ញៀវសូលទីឡូអង្គរ ៣-០ តែម្ដង ។
សរុបលទ្ធផលបណ្ដោះអាសន្នពេលនេះ បន្ទាប់ពីបញ្ចប់ការប្រកួតសប្ដាហ៍ទី ៩ ចំនួន ៣ប្រកួតខាងលើ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាង ដោយមាន ២១ពិន្ទុ ស្របពេលវិសាខា បានឡើងមកឈរលេខ២ និងមាន ១៩ពិន្ទុ ។ ចំណែកក្រុមកងយោធពលខេមរភូមិន្ទ បានបន្ដឈរលេខ៧ និងមាន ១៤ពិន្ទុក្នុងដៃ៕