(វ៉ាស៊ីនតោន)៖ អ្នករៀបចំព្រឹត្តិការណ៍រត់ ម៉ារ៉ាតុង Detroit Marathon បានប្រកាសនៅថ្ងៃនេះថា ការរត់ប្រណាំងនៅឆ្នាំ២០២០នេះ ដែលគ្រោងនឹងធ្វើឡើង នៅខែតុលាខាងមុខ នឹងមិនធ្វើឡើងនោះទេ ដោយសារតែការឆ្លងរាតត្បាត ពីវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែកក្កដានេះ។

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង Detroit Marathon ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីរត់ប្រណាំងតាមដងផ្លូវ ដែលត្រូវបានលុបចោលវិញ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19 នៅក្នុងសហរដ្ឋអាមេរិក, ក្នុងនោះរួមទាំង ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង Chicago Marathon, New York City Marathon និងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង Boston Marathon ផងដែរ។

អ្នករត់ដែលបានចុះឈ្មោះ ក្នុងការរត់ម៉ារ៉ាតុងនេះ ត្រូវបានអនុញ្ញាតឲ្យពន្យាពេល ការចូលរួមរបស់ពួកគេ ដល់ឆ្នាំ២០២១ ឬឆ្នាំ២០២២ ដោយឥតគិតថ្លៃ ឬអាចទទួលបានសំណង៥០ភាគរយ នៃថ្លៃចុះឈ្មោះរបស់ពួកគេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ឈរនៅលេខរៀងទី១ ដែលមានចំនួនអ្នកឆ្លងវីរ៉ុស COVID-19 ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយគិតមកដល់ពេលនេះ មានករណីឆ្លង៤,១៨៦,៣២៩ករណី ក្នុងនោះ១,២៥៦,៤០៧បានជាសះស្បើយ និង ១៤៧,៦៥០ករណីបានស្លាប់៕