(ភ្នំពេញ)៖ តារាម៉ូដែល និងជាតារាសម្តែងស្រីសម្បុរស្រអែម កញ្ញា រចនា រ៉ាវ៉ាឌី បានអះអាងថា បុរសក្នុងក្តីស្រមៃដែលនាងប៉ងប្រាថ្នាជាគូអនាគត គឺជាបុរសដែលមានវ័យចាស់ជាងខ្លួន ពោលគឺអាយុខ្ទង់ សាមសិបឆ្នាំ។ មូលហេតុដែលនាងប្រាថ្នាបុរសវ័យបែបនេះ ព្រោះតែនាងយល់ថា បើមានស្នេហាជាមួយមនុស្សមានវ័យក្មេង ជាងខ្លួន គឺងាយប្រឈមនឹងបែកបាក់គ្នា។ និយាយរួម គឺគេតែងពោលថា ស្នេហាក្មេងជាស្នេហាឈាមរាវ ។
ការបញ្ជាក់បែបនេះ ពីសំណាក់កញ្ញា រចនា រ៉ាវ៉ាឌី គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នាពេលថ្មីៗនេះ ក្នុងទូរទស្សន៍ Fresh News។ ឆ្លើយតបនឹងការសាកសួរ របស់ពិធីករ-ពិធីការិនីក្នុងកម្មវិធី កញ្ញា រចនា រ៉ាវ៉ាឌី បានរាប់រៀបដោយគ្មានលាក់បាំងឡើយ នូវប្រវត្តិសិល្បៈ និងអាថ៌កំបាំងផ្ទាល់ខ្លួននានា។
សម្រាប់រឿងឯកជន រ៉ាវ៉ាឌី បានលើកឡើងថា បច្ចុប្បន្ននាងមិនទាន់មានទំនាក់ទំនងស្នេហា ជាមួយនរណាម្នាក់ឡើយ ប៉ុន្តែកំពុងស្ថិតក្នុងការមើលចិត្តគ្នាទៅវិញទៅមកជាមួយបុរសម្នាក់។ ជាមួយនឹងការរំលេចអាថ៌កំបាំងបែបនេះ នាងមិនបានទម្លាយឡើយថា តើបុរសដែលនាងកំពុងសិក្សានោះ ជានរណា និងមានមុខងារអ្វីក្នុងសង្គមនោះទេ គ្រាន់តែថាមិនមែនជាអ្នកសិល្បៈ។ ដោយឡែកសម្រាប់វ័យវិញ រ៉ាវ៉ាឌី មិនស្វាគមន៍ដាច់ខាត់ចំពោះបុរស ដែលមានអាយុក្មេង ឬប្រហាក់ប្រហែលនឹងនាង ព្រោះប្រកាន់ជំហរថា «ក្មេងឈាមរាវ» ពោលគឺស្រឡាញ់តែបុរសមានវ័យចំណាស់ ព្រោះចេះថ្នម។
ស្រីស្រស់ រ៉ាវ៉ាឌី បាននិយាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» យ៉ាងដូច្នេះថា «ខ្ញុំតាំងពីដើម គឺអត់ស្រឡាញ់មនុស្សប្រុសដែលក្មេងជាងខ្ញុំទេ គឺស្រឡាញ់មនុស្សប្រុសដែលចាស់ជាងខ្ញុំ ដោយសារតែខ្ញុំគិតថា មនុស្សចាស់អាចដឹងទុក្ខធុរៈយើងច្រើនជាង ហើយជាពិសេសគឺអត់ឈាមរាវដូចក្មេងទៀត។ ខ្ញុំចង់បានស្នេហាចាស់ទុំ ខ្ញុំអត់ចង់បានស្នេហា...រន្ទះបាញ់ទេ អាចអាយុប្រហែល២០ក្រាស់ ចូល៣០ឆ្នាំ»។
ងាកមកការងារវិញ តារាស្រីដួងនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេល៤ឆ្នាំមកហើយ។ រចនា រ៉ាវ៉ាឌី ថាដំបូងឡើយ នាងធ្វើជាតារាម៉ូដែល តាមរយៈការចូលរួមកម្មវិធី «POP Model Cambodia» ក្រោយមកក៏បានវិវឌ្ឍន៍ខ្លួន ទៅជាតារាសម្តែង ខណៈភាពយន្តដំបូងគឺរឿង «ភ្លើងស្នេហ៍ភ្លើងឫស្សា»។ ទោះជារឿងដំបូងមែន តែសមត្ថភាពរបស់ រ៉ាវ៉ាឌី បានធ្វើឲ្យមហាជនជាច្រើនស្គាល់នាង ជាពិសេសបានអន្ទងចិត្តផលិករមិនតិចនោះទេ ចង់បាននាងយកទៅសម្តែងរឿងបន្តបន្ទាប់ទៀត។
គួរជម្រាបថា បច្ចុប្បន្ននេះ កញ្ញា ចរនា រ៉ាវ៉ាឌី កំពុងមមាញឹកនឹងការងារជាតារាសម្តែង ក្រៅពីភាពយន្តខាងលើ នាងធ្លាប់សម្តែងរឿង «កុងត្រាស្នេហ៍» , រឿង «ជញ្ជីងជីវិត» ព្រមទាំងរឿងដុំ និងរឿងភាគជាច្រើនទៀត។ អាចនិយាយបានថា អ្នកសិល្បៈត្រូវតែចេះគ្រប់ជំនាញទើបស័ក្តិសម ដោយ រ៉ាវ៉ាឌី ក្រៅពីជាតារាម៉ូដែល និងសម្តែង នាងក៏ជាពិធីការិនី ក្នុងកម្មវិធីសិល្បៈមួយរូបផងដែរ ខណៈមុខរបរវិញ គឺលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ដោយគ្រោងនឹងនាំចូលផលិតផលផ្តាច់មុខ ពីប្រទេសកូរ៉េមកលក់ក្នុងទីផ្សារកម្ពុជា៕