(អេស្ប៉ាញ)៖ ក្លិបបាល់ទាត់កម្រិតទី២របស់អេស្ប៉ាញ Fuenlabrada បានបញ្ជាក់ថា បានរកឃើញករណីឆ្លងថ្មី នៃវីរ៉ុស COVID-19 ចំនួន១២ករណីថែមទៀត នាថ្ងៃសៅរ៍នេះ នាំឲ្យចំនួនករណីឆ្លងក្នុងក្លិប កើនឡើងដល់២៨ករណី, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្តក្លិបលំដាប់ទី២របស់អេស្ប៉ាញ, ក្រុម Fuenlabrada ដែលត្រូវប្រកួតតទល់នឹង ក្រុម Deportivo La Coruna ត្រូវបានពន្យារពេល នៅថ្ងៃចន្ទ បន្ទាប់ពីកីឡាករមួយចំនួន ត្រូវបានរកឃើញវិជ្ជមាន នៃវីរ៉ុស COVID-19។
ក្នុងចំណោម១២ករណីថ្មី ដែលបានរកឃើញនេះ, មាន៨ករណី មកពីក្រុមដំបូង និងបុគ្គលិកគ្រូបង្វឹក ដែលបច្ចុប្បន្ន កំពុងរស់នៅដាច់ពីគេ នៅទីក្រុង A Coruna ខណៈដែល៤ករណីទៀត ត្រូវបានរកឃើញនៅទីក្រុង Madrid ជាកន្លែងដែលក្លឹបមានមូលដ្ឋាន។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ អេស្ប៉ាញ មានករណីឆ្លងវីរ៉ុស COVID-19 ចំនួន៣១៩,៥០១ករណី ក្នុងនោះ២៨៤៣២ករណីបានស្លាប់៕