(ព័រទុយហ្គាល់)៖ សហព័ន្ធយានយន្តអន្តរជាតិ (FIA) បានប្រកាសនៅថ្ងៃសុក្រថា ទីលានប្រណាំងរថយន្ត Autodromo Internacional do Algarve ស្ថិតក្នុងទីប្រជុំជន Portimao ប្រទេសព័រទុយហ្គាល់ នឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 Grand Prix នៅថ្ងៃទី២៥ ខែតុលា, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែកក្កដានេះ។
ការប្រកាសនេះ បានឲ្យគេដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 នឹងវិលត្រឡប់ទៅធ្វើឡើង នៅប្រទេសព័រទុយហ្គាល់វិញ ក្រោយពីអវត្តមាន២៤ឆ្នាំ, ដោយការប្រណាំងរថយន្ត កាលពីលើកមុន បានធ្វើឡើងនៅព័រទុយហ្គាល់ ក្នុងឆ្នាំ១៩៩៦ នៅឯទីលានប្រណាំងរថយន្ត Estoril Circuit ជិតទីក្រុង Lisbon។
ប្រធានសហព័ន្ធយានយន្ត និងខាតទីង (រថយន្តប្រណាំងខ្នាតតូច) លោក Ni Amorim បានអបអរសាទរ នូវសេចក្តីប្រកាសនេះ ដោយថា នេះគឺជា « ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ»។
គួរជម្រាបថា ការចាប់ផ្តើមរដូវកាលប្រណាំងរថយន្ត F1 ឆ្នាំ២០២០ ត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី១៥ ខែមីនា នៅប្រទេសអូស្ត្រាលី, ប៉ុន្តែការប្រណាំងនោះ ត្រូវបានលុបចោលវិញ ដោយសារជំងឺរាតត្បាត COVID-19 ដែលបានបង្អាក់ដល់ប្រតិទិន ព្រឹត្តិការណ៍ F1 ឆ្នាំ២០២០ យ៉ាងធ្ងន់ធ្ងរ។ គិតរហូតមកដល់ពេលនេះ ការប្រណាំងចំនួន១៣ហើយ ដែលត្រូវបានលុបចោលវិញ៕