(ភ្នំពេញ)៖ ជំនួប The Cambodia Classic Match រវាងក្រុមបឹងកេត និងភ្នំពេញក្រោន បានបញ្ចប់ដោយជ័យជម្នះបានទៅក្រុមម្ចាស់ផ្ទះនាគខៀវ ជាមួយលទ្ធផល ៣-១ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលទើបបញ្ចប់ការប្រកួតនាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។
ជំនួបដ៏កក្រើកលីគកំពូលកម្ពុជា វគ្គទី១ ក្រុមទាំងពីរ បានស៊ុតបំប៉ោងសំណាញ់ទីគ្នា ១គ្រាប់ម្នាក់ ក្នុងនោះបឹងកេត ធ្វើបានសម្រេចដោយកីឡាករ ម៉ាត់ នូរុណ នៅនាទីទី៦ បន្ទាប់មកទើបកីឡាករ ប្រាក់ ធីវ៉ា រកបានគ្រាប់តាមស្មើនៅចុងវគ្គឲ្យភ្នំពេញក្រោន នៅនាទី៤២។
ចូលដល់វគ្គទី២ ក្រុមទាំងពីរ បានបង្កើតការដាក់សម្ពាធគ្នាកាន់តែខ្លាំង រហូតបង្កឲ្យមានកីឡាកររបួស និងប្ដូរចេញជាបន្ដបន្ទាប់ ។ ទន្ទឹមជាមួយគ្នា ក្រុមម្ចាស់ផ្ទះបានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ ឱ ភារុណ នៅនាទី៦៣ និងកីឡាករ ម៉ាត់ នូរុណ នៅនាទី៩០+១ ដើម្បីជួយក្រុមនាគខៀវទទួលបាន ៣ពិន្ទុពេញ ស្របពេលភ្នំពេញក្រោន បានត្រឹមសោកស្ដាយ បន្ទាប់ពីបង្កើតឱកាសច្រើនលើក តែធ្វើមិនបានសម្រេច។
ជ័យជម្នះជ័យជម្នះនេះ បានធ្វើឲ្យក្រុមបឹងកេត បង្កើនកំណត់ត្រាឈ្នះ ១ប្រកួតទៀត លើក្រុមភ្នំពេញក្រោន ពោលគឺជាជ័យជម្នះលើកទី១១ ដែលអតីតក្រុមជើងឯក ៣សម័យ ឈ្នះអតីតក្រុមជើងឯក ៦សម័យ នៃប្រវត្តិជួបគ្នាក្នុងក្របខណ្ឌលីគកំពូលកម្ពុជាចំនួន ១៧លើក (ឆ្នាំ២០១២-២០២០)។
ទន្ទឹមជាមួយគ្នា បឹងកេតក៏បានហក់ឡើងទៅឈរលេខ២ ដោយមាន ២១ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ១ពិន្ទុ និងមានប្រៀបលើក្រុមឈរលេខ៣ វិសាខា ១ពិន្ទុផងដែរ៕