(បាសេឡូណា)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា Lionel Messi បានជំរុញក្លិបអ្នកមានបុណ្យ FC Barcelona ធ្វើការផ្លាស់ប្តូរដោយយកលោក Marcelo Bielsa ដែលបានកំពុងដឹកនាំក្លិប Leeds United មកកាន់ទឹកដី Nou Camp វិញ។
តាមរយ:គេហទំព័រកីឡា all football បានចេញផ្សាយថា Barca ស្ថិតក្នុងស្ថានភាពច្របូកច្របល់ បន្ទាប់ពីរដូវកាលដ៏លំបាកមួយដែលបានបង្កើនសម្ពាធទៅលើអ្នកចាត់ការទូទៅបច្ចុប្បន្នគឺលោក Quique Setien ដែលបានចូលកាន់កាប់ក្លិបកាលពីខែមករា ឆ្នាំ២០២០។
ទោះបីជាដឹកនាំ Leeds ឲ្យឡើងទៅ Premier League វិញក៏ដោយ ក៏កិច្ចសន្យាបច្ចុប្បន្នរបស់លោក Bielsa នឹងផុតសុពលភាពនៅសប្តាហ៍នេះ ហើយមិនទាន់ព្រមកុងត្រាថ្មីជាមួយក្លឹប Yorkshire នៅឡើយទេ។
យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា Messi ចង់ឲ្យក្រុមយក្សកាតាឡាន់ធ្វើអ្វីៗទាំងអស់ ដើម្បីបញ្ចុះបញ្ចូលមិត្តរួមជាតិអាហ្សង់ទីនឲ្យចាកចេញពីប្រទេសអង់គ្លេស និងកាន់កាប់នៅ Barca វិញ។
Messi មានការខឹងសម្បារយ៉ាងខ្លាំងជាមួយក្រុមរបស់គាត់ បន្ទាប់ពីពួកគេបានចាញ់ក្រុម Osasuna ដែលធ្វេីឲ្យបាត់បង់ពាន La Liga រដូវកាលនេះទៅលេីកណ្តាប់ដៃ Real Madrid។
របាយការណ៍បានបង្ហាញថា Messi ជឿជាក់ថា Bielsa គឺជាបុរសដែល Barca ត្រូវការជាចាំបាច់ក្នុងការដោះស្រាយនូវបញ្ហាដែលពួកគេបានជួបប្រទះនៅ និងក្រៅទីលាននៅរដូវកាលនេះ។
បុរសវ័យ ៦៤ឆ្នាំរូបនេះបានធ្វើការអស្ចារ្យនៅ Leeds ចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ២០១៨ ដោយអនុវត្តនូវទម្រង់លេងលេចធ្លោ និងធំធេងសមនឹងទស្សនវិជ្ជារបស់ Barca ថែមទៀតផង៕