(ក្រុងតូរីន)៖ ក្រុមបាល់ទាត់សេះបង្កង់ Juventus ត្រូវបានកំណត់ជាជើងឯកលីគកំពូលអ៉ីតាលី Serie A នារដូវកាលនេះ មុនបិទរដូវកាល បន្ទាប់ពីយកឈ្នះគូប្រជែង Sampdoria ក្នុងលទ្ធផល ២-០ នារាត្រីថ្ងៃអាទិត្យ។
តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយថា នេះជាកំណត់ត្រាឈ្នះជើងឯក Serie A ចំនួន ៩សម័យកាលជាប់ៗគ្នាផងដែរ ក្រោយពេលរកបាន ៨៣ពិន្ទុនាំមុខកំពូលតារាងដាច់ ដោយនៅសល់ ២ប្រកួតទៀត មុនរដូវកាលឆ្នាំ២០១៩-២០២០ នៅពេលក្រុមលេខ២ Inter Milan មានតែ ៧៦ពិន្ទុឆ្លងកាត់ ៣៦ប្រកួតដូចគ្នា។
ក្រុមដែលស្ថិតក្នុងទីក្រុង Turin នៃប្រទេសអ៉ីតាលី ដែលស្ថិតក្រោមការបង្វឹករបស់លោក Maurizio Sarri បានក្លាយជាក្រុមទី១ បើប្រៀបធៀបក្នុងចំណោមលីគធំៗទាំង៥ នៅអឺរ៉ុបដែលឈ្នះជើងឯកលីគបានចំនួន ៩លើកជាប់ៗគ្នា តាមពីក្រោយដោយក្រុម Bayern Munich ដែលឈ្នះពានលីគកំពូលអាល្លឺម៉ង់ Bundesliga បាន ៨ដងជាប់ៗគ្នាកាលពីខែមិថុនា ឆ្នាំ២០២០។
កីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Cristiano Ronaldo រកបានគ្រាប់បាល់ទី៣១ ក្នុងលីគនៅនាទី៤៥+៧ មុនពេលប៉េណាល់ទីអត់ចូល ១គ្រាប់ដែរនៅនាទី៨៩ បន្តដេញតាមពីក្រោយ Ciro Immobile របស់ក្លិប Lazio ដែលរកបាន ៣៤គ្រាប់នាំមុខគេ ក្នុងការប្រជែងយកស្បែកជើងមាសនៅរដូវកាលនេះ។ មិត្តរួមក្រុម Bernardeschi រកបានគ្រាប់ទី២ ឲ្យម្ចាស់ផ្ទះ Juventus នៅនាទី៦៧ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី៕