(ក្រុងឡុងដ៍)៖ កីឡាករ Jamie Vardy ខ្សែប្រយុទ្ធមកពីក្លិប Leicester City ស៊ុតបាន ២៣គ្រាប់ច្រើនជាងគេ ឈ្នះស្បែកជើងមាស Golden Boot នៅលីគកំពូល Premier League រដូវកាលនេះ ដែលជាកីឡាករមានវ័យច្រើនជាងគេផងដែរ ដែលឈ្នះពានឯកត្តជនមួយនេះ។
តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃនេះថា Vardy ដែលមានវ័យ ៣៣ឆ្នាំទៅហើយនោះ បានក្លាយជាកីឡាករវ័យចំណាស់ជាងគេដែលឈ្នះ Golden Boot ក្រោយពីស៊ុតបាន ២៣គ្រាប់ ក្នុងចំណោម ៣៨ប្រកួតក្នុងលីគកំពូល Premier League របស់អង់គ្លេសនារដូវកាលនេះ នាំមុខខ្សែប្រយុទ្ធដូចគ្នា Pierre-Emerick Aubameyang របស់ក្លិប Arsenal និង Danny Ings របស់ Southampton ដែលស៊ុតបាន ២២គ្រាប់ដូចគ្នា។
កីឡាករដែលជួយ Leicester ឈ្នះជើងឯក Premier League ឆ្នាំ២០១៦ បានខកខានរកគ្រាប់បាល់បន្ថែម ក្នុងជំនួបដែលក្រុមកញ្ជ្រោងខៀវបរាជ័យ ២-០ នៅកីឡដ្ឋាន King Power ក្រោមថ្វីជើងរបស់ Manchester United នៅថ្ងៃបិទរដូវកាល ក្នុងការប្រកួតដណ្តើមយកកៅអី Top-4 ទៅលេងពាន UEFA Champions League រដូវកាលក្រោយ តែគួរឲ្យស្តាយបានត្រឹមលេងពានលំដាប់ទី២ Europa League ជាមួយចំណាត់ថ្នាក់លេខ៥។
Vardy ក៏ជាអតីត Top scorers នៅរដូវកាលឆ្នាំ២០១៥-២០១៦ ផងដែរ ដែលរកបាន ២៤គ្រាប់ តាមពីក្រោយ Harry Kane ដែលឈ្នះស្បែកជើងមាស រកបាន ២៥គ្រាប់ច្រើនជាងគេ៕