(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គលក្ខណៈមិត្តភាពអន្ដរជាតិ លើកទី៣ នៅទីលានវាលឥន្ទ្រីយ៍ នាខណ្ឌពោធិ៍សែនជ័យ បានទទួលការគាំទ្រយ៉ាងច្រើន ទាំងកីឡាករចូលរួម និងអ្នកចូលរួមទស្សនា ក្នុងការប្រកួតរយៈពេល ១ថ្ងៃពេញនាថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០។

លោក ពេជ្រ សុខា អ្នកសម្រួបសម្រួលក្នុងការរៀបចំព្រឹត្តិការណ៍នេះបានឲ្យដឹងថា ព្រឹត្តិការណ៍លើកទី៣ ដែលរៀបចំឡើង ដើម្បីអបអរខួប ៣ឆ្នាំនៃទីលានវាលឥន្រ្ទីយ៍ និងផ្ដល់ឱកាសឲ្យចូលរួមលេងកីឡាជិះម៉ូតូនេះ ទទួលបានជោគជ័យលើសពីការរំពឹងទុក ក្រោយទាក់ទាញកីឡាករជាតិ និងអន្ដរជាតិចូលរួមរហូតដល់ ១១០នាក់។

លោកបានបន្ដថា កាលពីរៀបចំ ២លើកមុន មិនសូវមានអ្នកចូលរួមច្រើនបែបនេះឡើយ ដ្បិតលោករៀបចំគ្រាន់តែចង់ឲ្យយុវជនក្នុងមូលដ្ឋានបានចូលរួមលេងកីឡា ចៀសវាងការយកពេលវេលាទំនេរពីការសិក្សា ឬបំពេញការងារផ្សេងៗ ទៅប្រព្រឹត្តអំពើមិនគួរគប្បីប៉ុណ្ណោះ។ ប៉ុន្ដែក្រោយប្រកាសរៀបចំលើកទី៣ មានកីឡាករជាតិ និងអន្ដរជាតិជាច្រើនបានចុះឈ្មោះចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករជើងខ្លាំងៗជាច្រើនចូលរួមប្រណាំងដែរ។

ក្នុងចំណោមកីឡាករចូលរួមទាំង ១១០នាក់ គណៈកម្មការរៀបចំបានបែងចែកជា ៥កម្រិត រួមមានកម្រិតយុវជន (Kid), VIP, C, B និងខ្ពស់ជាងគេ គឺកម្រិត A។ ជាមួយការប្រកួតរយៈពេល ១ថ្ងៃពេញ គេក៏ឃើញមានប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡាម៉ូតូនេះ ចូលរួមទស្សនាយ៉ាងច្រើនកុះករ ហើយឆ្លៀតឱកាសនោះ លោក ពេជ្រ សុខា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ផងដែរ៕