(អូស្ត្រាលី)៖ តុលាការអូស្ត្រាលីបានចាប់ផ្ដើមដំណើរការនិតិវិធីរបស់ខ្លួនក្នុងប្រឆាំងនឹងក្រុមហ៊ុន Google បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យា យក្ស អាមេរិកមួយនេះ បានរំលោភបំពានក្នុងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើធ្វើជាគោលដៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយមិនបាន ជូន ដំណឹងដល់អ្នកប្រើ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការប្រកួតប្រជែង និងគណៈកម្មការអ្នកប្រើប្រាស់អូស្រ្តាលី បានចាប់ផ្ដើមអនុវត្តនិតិវិធីរបស់ខ្លួន បន្ទាប់ពីរកឃើញថា ក្រុមហ៊ុន Google មិនបាន ពន្យល់ ឬជូនដំណឹងដល់អ្នកប្រើចាប់ពីឆ្នាំ ២០១៦ ទៅលើការដាក់បញ្ចូលគ្នានៃទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើ ចូលទៅក្នុងបញ្ជីនៃការផ្សព្វផ្សាយ ពាណិជ្ជកម្ម។

មានន័យថា ក្រុមហ៊ុន Google បានស្រង់ទិន្នន័យអ្នកប្រើ និងយកទៅរៀបចំជាតារាងទិន្នន័យមួយ ទុកសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម នៅពេល ដែល មានអតិថិជនត្រូវការ ដែលការរៀបចំនេះ Google មិនបានជូនដំណឹងដល់អ្នកប្រើប្រាស់ឡើយ។

ពាក់ព័ន្ធនឹងករណីនេះ តុលាការអូស្ត្រាលីទាមទារឱ្យក្រុមហ៊ុន Google ចូលខ្លួនមកបំភ្លឺ និងបកស្រាយ ប៉ុន្តែបើតាមការបញ្ជាក់ពីតុលាការ Google អាច ប្រឈមមុខនឹងផាកពិន័យ ប៉ុន្តែមិនបានបញ្ជាក់ពីតួលេខនៃចំនួនទឹកប្រាក់ឡើយ៕