(ភ្នំពេញ)៖ ​ថ្ងៃនេះ AIA ដែល​ជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចុះបញ្ជីសាធារណៈ និងឯករាជ្យ​ មាន​វត្តមានទូទាំងអាស៊ីធំជាងគេ បានប្រកាសផ្សាយនូវគម្រោងក្នុងការរៀបចំកម្មវិធី តាមប្រព័ន្ធ Online សម្រាប់សុខភាព និងសុខមាលភាពក្នុងតំបន់លើកដំបូងរបស់ខ្លួន លើទីផ្សារចំនួន១៣ ដោយមានការចូលរួមដោយអ្នកតំណាងសកលរបស់ AIA គឺលោក David Beckham ផងដែរ។

កម្មវិធី AIA Live នឹងត្រូវចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២ ខែសីហា ដែលមានមាតិកាប្លែកៗចំនួន ៣០ ផ្តល់ជូនដើម្បីជួយជម្រុញលើកទឹកចិត្ត និងអប់រំប្រជាជនទូទាំងតំបន់ទៅលើសុខភាព​ និងសុខមាលភាព ដែលនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ AIA ក្នុងការជួយពួកគាត់ឲ្យរស់នៅប្រកបដោយសុខភាព​ និងជីវិតកាន់តែប្រសើរ។ ប្រធានបទសំខាន់ៗ រួមមានទាំង សុខមាលភាពផ្លូវចិត្ត ការធ្វើលំហាត់ប្រាណ សកម្មភាពនានា និងការសម្រាកលំហែ អាហាររូបត្ថម្ភ ការលូតលាស់ ក៏ដូចជាតន្ត្រី និងកំប្លែងផងដែរ។

AIA Live ត្រូវបានផ្តួចផ្តើមឡើង ដើម្បីនំាយកប្រជាជនគ្រប់វ័យ និងគ្រប់ទីផ្សារ ចូលរួមចែករំលែកវប្បធម៌ចម្រុះជាមួយគ្នា ហើយក្នុងពេលតែមួយផងដែរ ក៏អាចបង្កើននូវភាពស្និទ្ធស្នាល ស្របពេលដែលយើងអាចពង្រីក ចំណេះដឹងពីសុខភាពនិងសុខមាលភាព តាមរបៀបសប្បាយៗជាច្រើនផងដែរ។

​លោក David Beckham នឹងចូលរួមបើក និងបិទកម្មវិធីនេះ ព្រមទាំងធ្វើការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ទាក់ទងនឹងការប្រឈម ក៏ដូចជាមេរៀនដែលលោក បានរៀនសូត្រទៅលើរឿងរ៉ាវដែលកើតឡើងក្នុងឆ្នាំ២០២០នេះ។ មេចុងភៅដ៏ល្បីល្បាញ លោកJeremy Pang នឹងចម្អិនម្ហូបជាច្រើនមុខរួមជាមួយគ្រឿងផ្សំផ្សេងៗគ្នា មកពីទូទាំងអាស៊ី ហើយគ្រូបង្វឹកមកពីក្លិបបាល់ទាត់ Tottenham Hotspur ហៅកាត់ថា Spurs ដែលជាក្លិបបាត់ទាល់ដៃគូរបស់ AIA នឹងផ្តល់ជូនការចូលរួមលើសកម្មភាពបាល់ទាត់ ជាមួយអ្នកចូលរួម ដើម្បីសាកល្បងនូវជំនាញ បាល់ទាត់ងាយៗ និងសប្បាយៗ។ ទាំងអស់នេះក៏នឹងមានការចូលរួមពីសំណាក់ បុគ្គលល្បីៗតាមតំបន់ជាង២០នាក់ផ្សេងទៀត ដែលនឹងចូលរួមជាមួយទូតសុច្ឆន្ទៈរបស់ AIA ជាលើកដំបូងបំផុត។

កម្មវិធី AIA Live នឹងត្រូវចាក់ផ្សាយនៅលើទំព័រ YouTube ឈ្មោះថា AIA’s Healthy Living។ តាមរយៈការចុះឈ្មោះចូលរួមកម្មវិធីនេះ អ្នកចូលរួម នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន ដែលរួមមានការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍ដើម្បីមើលការប្រកួតរបស់Spurs ឱកាសជួបកីឡាករក្រុមឈុតធំ ឈ្នះបាល់ដែលមានហត្ថលេខា David Beckham ទទួលបានការបង្រៀនធ្វើម្ហូបតាមប្រព័ន្ធ Online ជាមួយ Jeremy Pang និងឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតផងដែរ។ AIA ក៏គ្រោងនឹងរៀបចំកម្មវិធីស្រដៀងគ្នានេះដែរនៅ ប្រទេសចិន និងឥណ្ឌានៅដើមខែកញ្ញា ដោយមានមាតិកាសមស្របសម្រាប់ទីផ្សារទាំងនោះ។

លោក Stuart A. Spencer ដែល​ជានាយកផ្នែកទីផ្សារនៃ​សម្ព័ន្ធ AIA បាន​មាន​ប្រសាសន៍ថា «នៅក្នុងសម័យកាលកូវីដនេះ យើងមើលឃើញថាផ្នត់គំនិត និងអាកប្បកិរិយាមានការផ្លាស់ប្តូរជាច្រើន ហើយយើងប្តេជ្ញាថានឹងរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់យើង ហើយគាំទ្រពួកគេជាមួយ និងការផ្តល់នូវចំណេះដឹង គន្លឹះជាក់ស្តែងសម្រាប់សុខភាពនិងសុខមាលភាព។ យើងដឹងថាអតិថិជន របស់យើងប្រើប្រព័ន្ធអ៊ិនធឺណែតច្រើនជាងពេលណាៗទាំងអស់ ហើយយើងកំពុងស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីលើកទឹកចិត្ត និងរក្សាសកម្មភាពពួកគាត់ អំពីរបៀបរស់នៅប្រកបដោយសុខភាពល្អ និងមិនចាកឆ្ងាយពីគេហដ្ឋានរបស់ពួកគាត់។ ដូច្នេះ យើងមានក្តីរំភើបរីករាយ ដែលបានបង្កើតកម្មវិធី AIA Live ជាកម្មវិធីដំបូងបង្អស់ ដែលនាំជូនពួកគាត់ចំនួនមួយថ្ងៃ នូវមាតិកាប្រកបដោយឥទ្ធិពល និងជម្រុញទឹកចិត្ត ព្រមទំាងជាមធ្យោបាយដ៏មានអត្ថន័យសម្រាប់យើងក្នុងការប្តេជ្ញាចិត្តជួយដល់ប្រជាជនឲ្យមានសុខភាព​ល្អ និងជីវិតកាន់តែប្រសើរ»

ទូតសុច្ឆន្ទៈសកលរបស់ AIA លោក David Beckham បានថ្លែងថា​ «ខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមក្នុងកម្មវិធី AIA Live ជាមួយទូតសុច្ឆន្ទៈ AIA ផ្សេងទៀតរបស់ខ្ញុំ ដោយចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់យើង ជាមួយប្រជាជននៅទូទាំងតំបន់អាស៊ីអំពីរបៀបរស់នៅ ប្រកបដោយសុខភាព​ និងជីវិតកាន់តែប្រសើរ។ យើងទាំងអស់គ្នាបានប្រឈមនឹងបញ្ហាដែលមិននឹកស្មានដល់នៅឆ្នាំនេះ និងត្រូវយក​ចិត្តទុកដាក់លើខ្លួនឯង ទាំងផ្លូវចិត្ត និងរាងកាយដែលយើង​ មិនដែលធ្លាប់គិតថាមានសារៈសំខាន់ពីមុនមក»

លោកបន្តថា​ «ខ្ញុំមានសំណាងណាស់ដែលបានឃើញការផ្លាស់ប្តូរដែល AIA កំពុងធ្វើនៅតាមទីផ្សារទូរទាំងតំបន់ ដើម្បីជួយដល់អតិថិជន និងសហគមន៍របស់ពួកគេ។ ខ្ញុំសង្ឃឹមថាប្រជាជន នឹងមានអារម្មណ៍ជំរុញក្នុងការកែប្រែ ឲ្យមានការផ្លាស់ប្តូរបន្តិចបន្តួច នៅក្នុងជីវិតរបស់ពួកគេ ដែលអាចជាការផ្លាស់ប្តូរដ៏ធំមួយ ហើយកម្មវិធីពិសេសនេះពិតជានឹងជម្រុញលើកទឹកចិត្តគេបន្ថែមទៀត»

AIA បានតែងតាំងលោក David Beckham ជាទូតសុច្ឆន្ទៈសកលរបស់យើងក្នុងឆ្នាំ ២០១៧។ ក្នុងនាមជាកីឡាករល្បីឈ្មោះអន្តរជាតិ និងជាមេគ្រួសារដែលខិតខំប្រឹងប្រែងកន្លងមក David កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ AIA លើកកម្ពស់ និងជម្រុញ ឲ្យសម្រេចបានជោគជ័យលើផ្នែកសុខភាពនិងសុខមាលភាព។ David បានធ្វើទស្សនកិច្ចជាញឹកញាប់ទៅកាន់ទីផ្សារ AIA ដើម្បីជួយជម្រុញសកម្មភាពលើផ្នែកសុខភាព និងជីវិតកាន់តែប្រសើរ ដែលក្នុងនោះគាត់ចូលរួមជាមួយអតិថិជន ភ្នាក់ងារផ្នែកលក់ ដៃគូ និងបុគ្គលិកជាច្រើនរបស់ AIA ផងដែរ។

AIA បាន​ចាប់ដៃគូជាមួយ​នឹង​ក្លិប Spurs តាំងពី​ឆ្នាំ ២០១៣ ហើយ​ក៏​បាន​ក្លាយ​ជាដៃគូសកលរបស់​ក្លិបនេះ​តែម្តង។ ការ​ចាប់​ដៃគូនិង គ្រូបង្វឹកអន្តរជាតិមានមូលដ្ឋាននៅអាស៊ីនេះ ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​លើក​កំពស់តួនាទី​ដ៏សំខាន់នៃ​កីឡា ក្នុង​ការជួយ​ឲ្យ​ប្រជាជន​ទូទៅរស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែប្រសើរ។

AIA បានចាប់ដៃគូជាមួយលោក Jeremy Pang មេចុងភៅល្បីឈ្មោះ និងជាស្ថាបនិកស្នាដៃឈ្នះពានរង្វាន់ School of Wok នៅឆ្នាំ ២០១៩ ដើម្បីនាំយកមកនូវមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ ល្អឥតខ្ចោះសម្រាប់អតិថិជនទំាងអស់។ ដោយផ្តោតលើម្ហូបសុខភាពដែលមានរសជាតិឈ្ងុយឆ្ងាញ់ លោក Jeremy បានរួមបញ្ចូលគ្នានូវការចម្អិនដែលងាយស្រួល ធ្វើតាមរបស់គាត់ ជាមួយនឹងគន្លឹះលើគ្រឿងផ្សំនិងរូបមន្តធ្វើម្ហូប។ Jeremy បានមានវត្តមាននៅក្នុងកម្មវិធីជាច្រើនរបស់ AIA រួមមានការរៀបចំកម្មវិធី Dim Sum Masterclass នៅសាំងហ្គាពួរដែលជាផ្នែកមួយនៃការប្រារព្ធពិធីខួប១០០ឆ្នាំរបស់យើង។ រូបមន្តធ្វើម្ហូបងាយៗរបស់លោក Jeremy បានបង្ហាញពីរូបមន្តសាមញ្ញៗ និងរួបមន្តដែលប្រកបដោយសុខភាព ដែលអាចជួយឲ្យអ្នករស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។

ចុងភៅណាក់ ពីកម្ពុជាក៏មានវត្តមានក្នុងកម្មវិធី AIA Live នេះផងដែរដោយគាត់ នឹងនាំយកមកនូវការបង្ហាញពីការចម្អិនអាហារសុខភាពផងដែរ។ អ្នកស្រី រស់ រតនៈជាចុងភៅស្ត្រីខ្មែរមួយរូបដែលមានបេសកកម្ម​​​ អភិរក្សនិងផ្សព្វផ្សាយ ម្ហូបខ្មែរនៅក្នុងប្រទេសនិងលើសកលលោក ហើយក៏បំផុសគំនិតច្នៃប្រឌិតនិងចម្រុះភាភដើម្បីការអភិវឌ្ឍម្ហូបខ្មែរនាពេលអនាគតផងដែរ៕

ដើម្បីចុះឈ្មោះចូលរួមកម្មវិធី AIA Live និងស្វែងយល់បន្ថែមសូមចុចតំណរនេះ៖ https://www.aia.com.kh/kh/about-aia/events-and-promotions/aia-live.html?fbclid=IwAR3830BUs4D3KDkRAqhy7j2phoA9u-GjRbhk3RG0YgVADPxa1pySarQazxg