(ភ្នំពេញ)៖ ពានរង្វាន់ពាក់កណ្ដាលអាជីព KW Cambodia League 2020 បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៧ ហើយ ដោយក្រុម TN Kandal បានរក្សាភាពខ្លាំង ដោយបន្ដជ័យជម្នះលើកទី៧ ជាប់ៗគ្នាដដែល ស្របពេលក្រុម Khmer United-A បានរំកិលចូលប្រអប់ ៥ក្រុមកំពូលតារាងវិញ (Top-5) បន្ទាប់ពីយកឈ្នះលើគូប្រកួតយ៉ាងចាស់ដៃដូចគ្នា។

ចំពោះក្រុម TN Kandal បានយកឈ្នះក្រុមយុវជនតាំងគោក ដោយលទ្ធផល ១៣-០ នៅទីលាន KMH Park កាលពីចុងសប្ដាហ៍កន្លងទៅ។ ជ័យជម្នះនេះបានធ្វើឲ្យពួកគេ បន្ដឈរកំពូលតារាង និងមាន ២១ពិន្ទុពេញ ក្រោយទទួលបានជ័យជម្នះ ៧ប្រកួតផ្ទួនៗ។ រីឯក្រុម Khmer United-A បានយកឈ្នះក្រុម Khmer United-B ដោយលទ្ធផល ១៧-១។ ៣ពិន្ទុនេះ បានធ្វើឲ្យ Khmer United-A ឡើងមកឈរលេខ៥ បណ្ដោះអាសន្នដោយមាន ១៣ពិន្ទុក្នុងដៃ។

ដោយឡែកក្រុម Avatar FC, Reil PP និងក្រុមការពារតំណែងជើងឯក ISI ដង្កោរសែនជ័យបន្ដរកបាន ១៨ពិន្ទុស្មើគ្នា បន្ទាប់ពីយកឈ្នះគូប្រកួតរៀងខ្លួន ក្នុងសប្ដាហ៍ទី៧ ក្នុងនោះក្រុម Avatar FC បានយកឈ្នះក្រុមយុវជនវត្តវ៉ារិន ៣-០, ក្រុម Riel PP ឈ្នះក្រុម Mambo PP ៥-២ និងក្រុម ISI ដង្កោរសែនជ័យ យកឈ្នះក្រុម Sniper FC ដោយលទ្ធផល ១០-២។ ឯលទ្ធផល ២គូទៀត ក្រុម Bayon Wanderers បានយកឈ្នះក្រុមពួកម៉ាក់យូណាយធីត ៣-០ និងក្រុមមហាហង្សអល់ស្ដារ ឈ្នះក្រុម Pitou FC ៣-០។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ការប្រកួតសន្សំពិន្ទុ នៃពានរង្វាន់ពាក់កណ្ដាលអាជីព ដែលមានប្រាក់រង្វាន់ ១ម៉ឺនដុល្លារនេះ បានដំណើរការប្រកួតបានពាក់កណ្ដាលរដូវកាលហើយ។ ចំពោះរូបមន្ដប្រកួត ក្រុមមានពិន្ទុខ្ពស់ជាងគេ បន្ទាប់ពីបញ្ចប់ការប្រកួតវិលជុំ ១ជើង ស្មើនឹង ១៤សប្ដាហ៍ នឹងក្លាយជាជើងឯកពាន KW Cambodia League។ ចំណែកក្រុមឈរលេខ២ ដល់លេខ៥ នឹងត្រូវប្រកួតខ្វែងគ្នា ដើម្បីចម្រាញ់រកបេក្ខភាពជើងឯកពាន KW Cambodia Cup ឆ្នាំ២០២០ វិញម្ដង៕