(អាមេរិក)៖ ស្របពេលដែលលអ្នកប្រើប្រាស់កំពុងកើនឡើងដល់ជាង ២ពាន់លាននាក់ នៅពេលនេះ Whats App ត្រូវបានគេរាយការណ៍មកថា កំពុងតែសាកល្បងមុខងារថ្មី ព្រមទាំងនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។

យោងតាមសារព័ត៌មាន Phone Arena ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលនេះ Whats App កំពុងតែសាកល្បងមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រើនូវគណនីតែមួយនៅលើទូរស័ព្ទដៃបានច្រើនគ្រឿង ដោយមិនចាំបាច់ធ្វើការ Sign Out នោះទេ ព្រោះគឺអាចប្រើបានរហូតដល់ទូរស័ព្ទ៤គ្រឿង។

ប្រភពខាងលើបានបញ្ជាក់ទៀតថា នៅពេលចូលទៅកាន់គណនីនៅលើទូរស័ព្ទដៃ Whats App នឹងផ្ញើលេខកូដទៅកាន់លេខទូរស័ព្ទដៃដែលបានចុះឈ្មោះ ហើយក្រោយពេលបំពេញលេខកូដ គឺអាចប្រើបានតែម្ដង ចំណែកគណនីនៅលើទូរស័ព្ទដៃចាស់ មិនត្រូវបាន Sign Out ដោយស្វ័យប្រវត្តិដូចមុនឡើយ។

អ្វីដែលពិសេសនោះគឺលោកអ្នកអាចមើលដឹងបានថា គណនីបានប្រើនៅលើទូរស័ព្ទដៃប្រភេទណាខ្លះ និងអាច Remove គណនីចេញពីទូរស័ព្ទដៃណាមួយក៏បាន ដោយគ្រាន់តែវាយលេខកូដដើម្បីធ្វើការបញ្ជាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា WhatsApp ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៩ ដោយស្ថាបនិកពីររូបគឺលោក Brian Acton និង Jan Koum ដែលជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Yahoo និងត្រូវបាន Facebook ទិញកាលពីឆ្នាំ២០១៤ ក្នុងតម្លៃជាង ១៩ពាន់លានដុល្លារ ដែលវាជាការទិញលក់មួយមានតម្លៃខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ទើបក្រុមហ៊ុនទាំងពីរត្រូវបានតុលាការអាមេរិកហៅទៅសួរនាំ៕