(បរទេស)៖ នៅថ្ងៃទី២៧ ខែកក្កដា SBS FunE បានរាយការណ៍ថា តារាចម្រៀង, អ្នកនិពន្ធចម្រៀង និងជានាយកប្រតិបត្តិក្រុមហ៊ុន K-POP មួយនៅកូរ៉េខាងត្បូង ដែលចាត់ទុកថាបុគ្គល «A» បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ពាក់ព័ន្ធករណីថតវីដេអូខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

ស្ថានីយប៉ូលិសនៅតំបន់ Gwangjin ក្នុងទីក្រុងសេអ៊ូល បានរាយការណ៍ថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើបុរសម្នាក់ ជុំវិញករណីថតវីដេអូខុសច្បាប់។ បុគ្គល A ត្រូវបានសង្ស័យថា បានថតរូបរាងកាយនារីជាច្រើននាក់ដោយសម្ងាត់ ក្នុងនោះរួមមាន សកម្មភាពអាសអាភាស ដែលបានលួចបង្កប់កាមេរ៉ា តាំងពីដើមឆ្នាំនេះមកម្ល៉េះ។

បើតាមរបាយការណ៍បានបង្ហាញថា បុគ្គល A បានលុបចោលប្រវត្តិរូបរបស់លោកទាំងអស់ ដែលមានក្នុង Portal Site បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិសបានចាប់ផ្តើមកាលពីខែមិថុនា។ បុគ្គល A បានសម្តែងការសោកស្តាយ ចំពោះកំហុសរបស់ខ្លួនដែលបានធ្វើនៅក្នុងឆ្នាំនេះ នៅពេលដែលបានបង្កើតក្រុមគ្រួសារមួយឡើង និងមានសកម្មភាពសប្បុរសធម៌។

គួរជម្រាបថា បុគ្គល A បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាចម្រៀង និងជាអ្នកនិពន្ធចម្រៀង បន្ទាប់ពីឈ្នះការចូលរួមប្រកួតក្នុងវិស័យ K-POP នៅឆ្នាំ២០០៤។ លោកត្រូវបានគេដឹងថា បានបោះពុម្ពផ្សាយនូវអត្ថបទមួយ និយាយពីស្នេហាផងដែរ។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងថា នាយកប្រតិបត្តិរូបនោះ ជានរណាឡើយ ខណៈដែលប៉ូលិសមិនទាន់បង្ហាញអត្តសញ្ញាណ៕