(ភ្នំពេញ)៖ ក្រុមហ៊ុនមិត្ដហ្វូន បានរៀបចំព្រឹត្ដិការណ៍ប្រកួតហ្គេម Mobile Legends Tournament ដ៏ធំបំផុតនៅកម្ពុជាក្រោមចំណងជើង «Metfone All Star Arena Tournament» ដែលជាព្រឹត្ដិការណ៍វិសេស និងពេញនិយម មានការចូលរួមពីបេក្ខភាពឆ្នើម៨ក្រុម ក្នុងពិភពហ្គេមអេឡិចត្រូនិក (e-Sport) មកពីទូទាំងប្រទេស ជាមួយប្រាក់រង្វាន់សរុប ១ម៉ឺនដុល្លារ។

ក្រោយពីការប្រកួតដ៏ជក់ចិត្ដ និងគួរឲ្យទាក់ទាញរយៈពេល ២សប្ដាហ៍ ដែលបានរៀបចំចាប់ផ្ដើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ការប្រកួតនេះបានរកឃើញក្រុមជើងឯកបានទៅលើ Burn Gaming ក្រោយផ្ដួលក្រុម Impunity KH នូវការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលមិនគួរឲ្យជឿ។

ដំណាក់កាលចុងក្រោយ ក្រោមទម្រង់លេង Bo5 (ដែលអ្នកឈ្នះ ៣ប្រកួតដំបូង នឹងក្លាយជាអ្នកឈ្នះការប្រកួតទាំងស្រុង) ជាការប្រកួតរវាងក្រុម Impunity KH និង Burn Gaming ដែលបានរៀបចំឡើងនៅថ្ងៃទី២៦ ខែកក្កដា។ ពួកគេគឺជាក្រុម ២ឆ្នើមបំផុត ដែលបានផ្ដួលក្រុមជំនាញ ៦ក្រុមផ្សេងទៀត ដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ នៅវេលាដ៏រំជើបរំជួលនោះក្រុម Burn Gaming បានលេងប្រកបដោយទំនុកចិត្ដខ្ពស់បំផុត និងបានឈ្នះក្រុម Impunity KH ក្នុងពិន្ទុ 3-0។ នៅថ្ងៃដដែលនោះ ក្រុម Immortal Zodiac និងក្រុម Aquatix ក៏បានប្រកួតដណ្ដើមយកជ័យលាភីលេខ៣ និងលេខ៤ ដែលក្រុម Aquatix បានឈ្នះដំណែងលេខ៣ និងលេខ៤ បានទៅលើក្រុម Immortal Zodiac។

ការប្រកួតទាំងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រទាំងអស់ត្រូវបានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់មិត្ដហ្វូន។ ការប្រកួតផ្ដាច់ព្រ័ត្របានបង្កើតកំណត់ត្រាថ្មីដែលមានអ្នកទស្សនាលើអនឡាញជាង ៣៥,០០០នាក់ និងមានការប្រតិកម្មជិត២០ម៉ឺនដង អំឡុងពេលនៃការប្រកួតនេះ។

ក្នុងការប្រគល់រង្វាន់ដល់ក្រុមទាំង៨ ដែលបានចូលរួមប្រកួត លោក Phung Van Cuong នាយកប្រតិបត្ដិក្រុមហ៊ុនមិត្ដហ្វូន បានថ្លែងថា «ព្រឹត្ដិការណ៍ Metfone All Star Arena នេះគឺជាភាពជោគជ័យមួយទៀតរបស់មិត្ដហ្វូន ក្នុងការផ្ដល់ជូនដល់អតិថិជនមិនត្រឹមតែជាការផ្សារភ្ជាប់ទំនាក់ទំនង និងការកម្សាន្ដគុណភាពខ្ពស់បំផុតនោះទេ ប៉ុន្ដែក៏ជាការចូលរួមចំណែកការកសាងបរិស្ថានកីឡាអេឡិចត្រូនិកដ៏រឹងមាំ និងរីកចម្រើននៅកម្ពុជាផងដែរ»

លោកបានបន្ថែមថា អ្វីដែលសំខាន់បំផុត ព្រឹត្ដិការណ៍នេះ គឺជាការចាប់ផ្តើមនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់មិត្ដហ្វូន ដើម្បីអភិវឌ្ឍន៍ និងបង្កើតកម្មវិធីកីឡាអេឡិចត្រូនិកដ៏អស្ចារ្យនេះ ក៏ដូចជាសកម្មភាពហ្គេមលើទូរស័ព្ទដៃច្រើនទៀតនាពេលខាងមុខដ៏ខ្លីផងដែរ។

ជួបជាមួយមេក្រុម Burn Gaming ដែលបានគ្រងជើងឯក លោក Leexin បានចែករំលែកនូវអារម្មណ៍រីករាយថា «យើងមានក្ដីរំភើបរីករាយយ៉ាងខ្លាំងដែលបានឈ្នះក្នុងការប្រកួតនេះ។ Metfone All Star Arena Tournament ពិតជាការប្រកួតដ៏អស្ចារ្យបំផុតមួយ ដែលក្រុមរបស់ខ្ញុំបានចូលរួមកន្លងមក។ ខ្ញុំចង់និយាយពាក្យអរគុណទៅកាន់ក្រុមអ្នកគាំទ្រយើង ក្រុមគ្រួសារ និងមិត្ដភក្ដិទាំងអស់ ជាពិសេស ក្រុមហ៊ុនមិត្ដហ្វូន ដែលតែងតែគាំទ្រពួកយើងតាំងពីដើមរៀងមក។ ក្រុម Burn Gaming យើងខ្ញុំសូមជូនពរ និងប្ដេជ្ញានាំយកកីឡាអេឡិចត្រូនិកនេះទៅកាន់ឆាកអន្ដរជាតិនាពេលខាងមុខ»

សូមបញ្ជាក់ងផងថា ការប្រកួតនេះក៏ជាគោលដៅមួយសម្រាប់ មិត្ដហ្វូន ក្នុងការប្រែក្លាយខ្លួនជាក្រុមហ៊ុន Digital Transformation ដោយផ្តោតសំខាន់លើមាតិកាបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ការរៀបចំព្រឹត្ដិការណ៍ e-Sport គឺជាវិធីសាស្ដ្រមួយ ក្នុងបេសកកម្ម “បង្កើតទំនាក់ទំនងសង្គមឌីជីថល” ដែលមិត្ដហ្វូនមិនត្រឹមតែផ្ដល់នូវសេវាកម្មទូរស័ព្ទចល័ត និងអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញដ៏ធំបំផុត និងរឹងមាំបំផុតផងដែរ។ មិត្ដហ្វូន នឹងពង្រីកនូវការផ្ដល់សេវាកម្មឌីជីថលបន្ថែមទៀត ដូចជា Fintech, eSport, eEducation, eHealth, Smarthome និង Smart City ជាដើម។ សូមរង់ចាំតាមដានទំព័រហ្វេសប៊ុករបស់មិត្ដហ្វូន www.fb.com/metfone.closer ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពនៃការប្រកួតថ្មីៗផ្សេងទៀតចាប់ពេលនេះតទៅ៕