(មេនឆេស្ទើ)៖ កីឡាករ David Silva ដែលលេងក្នុងតួនាទីបម្រើប្រយុទ្ធក្នុងក្លិបមេឃខៀវ Manchester City បានលើកដៃលាអ្នកគាំទ្រ មិត្តរួមក្រុម និងអ្នកចាត់ការទូទៅទាំងអាល័យពី ១ប្រកួតចុងក្រោយនៅ Premier League នារាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ ក្រោយផុតកិច្ចសន្យារយៈពេល ១០ឆ្នាំ។

រយៈព័ត៌មានពីគេហទំព័រកីឡា All Football បានចេញផ្សាយនៅថ្ងៃនេះថា កីឡាករអន្តរជាតិអេស្ប៉ាញខាងលើនេះ បានចំណាយពេល ១០ឆ្នាំលេងនៅកីឡដ្ឋាន Etihad ដែលមានមូលដ្ឋានស្ថិតនៅទីក្រុង Manchester ប្រទេសអង់គ្លេស ដោយបានខ្លួនបាន ២៨១ប្រកួត ស៊ុតបញ្ចូលទីបាន ៦០គ្រាប់ និងបញ្ជូនបាល់ (Assists) ឲ្យមិត្តរួមក្រុមស៊ុតបាន ៩៣គ្រាប់នៅ Premier League។

ខ្សែមប្រើចាស់វស្សា Silva ក៏បានរួមចំណែកជួយឲ្យ Man City ឈ្នះជើងឯក Premier League ដំបូងក្នុងឆ្នាំ២០១២ ដែរ និងថែម ៣សម័យកាលផ្សេងទៀតក្នុងឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយឆ្នាំ២០១៩ គ្រាដែលពានធំ UEFA Champions League នៅមិនទាន់ឈ្នះម្តងនៅឡើយទេ។

កេរ្តិ៍ឈ្មោះរបស់ Silva ត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត Man City ក្នុងនាមជាកីឡាករលេងឲ្យក្លិបបានយូរជាងគេ និងនៅសល់បេសកកម្មជួយក្លិបលេងនៅ Champions League ទល់នឹង Real Madrid វគ្គ ១៦ក្រុម ជើងទី២ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ទៀតដែរ មុនចាកចេញជាផ្លូវការ៕