(ចិន)៖ ស្រីកំណាន់ចិត្តរបស់កំពូលតារាសម្តែងហុងកុង លោក Jackie Chan ដែលប្រជាពលរដ្ឋខ្មែរស្គាល់ថា ឈិន ឡុង គឺតារាស្រី Elaine Ng បានចេញមុខបដិសេធពាក្យចចាមអារ៉ាមថា លោក Jackie Chan បានផ្តល់លុយ ៤០លានដុល្លារហុងកុង (ជាង៥លានដុល្លារ) ដល់ខ្លួន បន្ទាប់ពីផ្តល់កំណើតកូនម្នាក់ កាលពីឆ្នាំ១៩៩៩ ដែលជាតំណក់ឈាមរួមគ្នា។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Time នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

បើតាមរបាយការណ៍ថ្មីៗនេះ របស់អ្នកយកព័ត៌មានជាន់ខ្ពស់មកពីហុងកុងបានបង្ហាញថា អ្នកជំនួញហុងកុង លោក Albert Yeung បានផ្តល់ប្រាក់ ៤០លានដុល្លារហុងកុងទៅឲ្យតារាសម្ដែង លោក ឈិន ឡុង ក្នុងឆ្នាំ១៩៩៩ ដើម្បីជួយ ឈិន ឡុង ដោះស្រាយបញ្ហាជាមួយ តារាស្រី Elaine Ny បន្ទាប់ពីកូនស្រីរបស់ពួកគេប្រសូត្រមក។

យ៉ាងណាមិញ នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ Ny បានយកបណ្តាញសង្គម Weibo ដើម្បីឆ្លើយតបនឹងរបាយការណ៍នេះ ថានាងមិនបានទទួលប្រាក់នោះទេ ជាមួយនឹងការបន្ថែមសារប៉ុន្មានឃ្លា ថា «នៅលើពិភពលោកនេះ មានមនុស្សច្រើនជំពូកណាស់។ មិនថាប្រាក់ ២០លាន ៣០លាន ឬ ៤០លាននោះទេ ប្រសិនបើអ្នកសប្បាយចិត្តក្នុងការនិយាយវា ដូច្នេះអ្នកក៏ធ្វើឲ្យគ្រប់គ្នាសប្បាយចិត្តផងដែរ»

បើតាមពាក្យចចាមអារ៉ាមបាននិយាយថា កន្លងមក ឈិន ឡុង បានផ្គត់ផ្គង់តារាស្រី Ny ជាសម្ងាត់ បន្ទាប់ពីបានផ្លាស់ទៅនៅសៀងហៃ ជាមួយកូនស្រី Etta។ ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបាន Ny បដិសេដ តាំងពីឆ្នាំ២០១៧ ដោយអះអាងថា ឈិន ឡុង មិនបានផ្តល់លុយឲ្យនាង ចំពោះការចំណាយថ្លៃរស់នៅឡើយ។

គួរជម្រាបថា លោក ឈិន ឡុង ដែលមានវ័យ ៦៦ឆ្នាំ បានរៀបការជាមួយតារាស្រី Joan Lin ដែលបច្ចុប្បន្នវ័យ ៦៧ឆ្នាំ ក្នុងឆ្នាំ ១៩៨២ ដោយទទួលបានកូនប្រុសម្នាក់ គឺតារាសម្តែង Jaycee Chan មានវ័យ ៣៧ឆ្នាំ៕