(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ខេត្ត ឆ្នាំ២០២០ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី២៩ ខែកក្កដានេះហើយ នៅពហុកីឡដ្ឋានជាតិ រវាងក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ និងក្រុមជម្រើសខេត្តព្រៃវែង។

គួរដឹងថា មុនឡើងមកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមទាំងពីរធ្លាប់ជួបគ្នាកាលពីវគ្គជម្រុះក្នុងពូល ២ដងរួចមកហើយ ដោយលទ្ធផលស្មើគ្នាទាំង ២ដង ពោលគឺជើងទី១ ស្មើគ្នា ០-០ លើទឹកដីខេត្តត្បូងឃ្មុំ និងជើងទី២ ស្មើគ្នា ២-២ លើទឹកដីខេត្តព្រសវែង។ ដូច្នេះចាំមើលតើត្បូងឃ្មុំ ឬព្រៃវែង នឹងក្លាយជាជើងឯកពានថ្នាក់ខេត្តឆ្នាំនេះ?

យ៉ាងណាមិញ មុនឈានដល់ការប្រកួតកាត់សេចក្ដីរកក្រុមជើងឯកពានសម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្នាក់ខេត្តខាងលើ ក៏នឹងមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមជម្រើសខេត្តសៀមរាប ដែលជើងឯករងឆ្នាំចាស់ ជាមួយក្រុមជម្រើសខេត្តកែប នាវេលាម៉ោង ៣រសៀលស្អែកនេះ នៅពហុកីឡដ្ឋានជាតិផងដែរ។

សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ខេត្ត ក្រុមទាំង ៤ ខាងលើ នឹងបន្ដបេសកកម្មកាន់តែធំទៀត គឺការត្រៀមចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជាចំនួន ១២ក្លិប ដែលគ្រោងរៀបចំពិធីចាប់ឆ្នោតបែងចែកគូប្រកួត នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ៕