(បរទេស)៖ ក្រុមហ៊ុនផលិតឈីបដ៏ធំ និងល្បី Intel បានប្រកាសឲ្យដឹងជាផ្លូវការថា លោក Dr. Venkata (Murthy) Renduchintala កំពូលមេវិស្វករនឹងលាឈប់ពីក្រុមហ៊ុននៅថ្ងៃទី០៣ ខែតុលាខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Dr. Venkata (Murthy) Renduchintala បច្ចុប្បន្នទទួលបន្ទុកមើលការងារខាងវិស្វកម្ម និង Hardware រួមទាំងផ្នែកជាច្រើនទៀត បានសម្រេចចិត្តលាឈប់ពីក្រុមហ៊ុន។

នៅក្នុងសេចក្តីប្រកាសរបស់ Intel មិនបានបញ្ជាក់ថា លោក Dr. Venkata លាឈប់ដោយសារអ្វីនោះទេ គ្រាន់តែដឹងថា កំពូលវិស្វកររូបនេះបានចូលបម្រើការងារនៅ Intel កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពី Intel តាមប្រម៉ាញ់យករូបលោកអស់ជាច្រើនឆ្នាំ។

លោក Bob Swan នាយកប្រតិបត្តិ Intel បានឲ្យដឹង ក្រោយពីលោក Dr. Venkata ចាកចេញទៅ រាល់ការងារទាំងអស់ប្រហែលត្រូវបែងចែកទៅតាមផ្នែកនីមួយៗ ដោយតម្រូវឲ្យប្រធានផ្នែកជាអ្នកទទួលបន្ទុកផ្ទាល់ តែពេលនេះលោកត្រូវទទួលយកការងារទាំងអស់ពីលោក Dr. Venkata សិន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Intel បានពន្យារពេលចេញផលិតផលថ្មីរហូតដល់ឆ្នាំ២០២២ ដោយសារតែបញ្ហាកូវីដ១៩៕