(លីវើភូល)៖ ខ្សែបម្រើប្រយុទ្ធ Adam Lallana និងខ្សែការពារ Dejan Lovren បានចាកចេញពីហង្សក្រហម Liverpool ជាផ្លូវការហើយ ក្រោយជួយក្លិបឈ្នះជើងឯក Premier League រដូវកាលនេះកាលពីរាត្រីថ្ងៃអាទិត្យ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេល ៣០ឆ្នាំមកនេះ។

កីឡាករអង់គ្លេស Lallana បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លិបរួម Premier League ដូចគ្នា Brighton & Hove Albion ក្រោយផុតកិច្ចសន្យានៅ Anfield (a free transfer) ដែលត្រូវបានក្រុមជើងឯកលីគរដូវកាលនេះបានជូនដំណឹងកាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រោយចំណាយពេលលេងឲ្យ Liverpool ៦ឆ្នាំ ដែលត្រូវបានទិញពីក្លិប Southampton។

Adam Lallana ដែលមានវ័យ ៣២ឆ្នាំទៅហើយនោះ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំលេងឲ្យ Brighton ដែលបានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១៥ នៅ Premier League រដូវកាលឆ្នាំ២០១៩-២០២០ នេះ ស្របពេលដែលអតីតមិត្តរួមក្រុម ដែលជាខ្សែការពារ Dejan Lovren បានចុះកិច្ចសន្យារយៈពេល ៣ឆ្នាំដូចគ្នាលេងឲ្យក្លិប Zenit St Petersburg របស់រុស្ស៊ី ក្រោយតម្លៃខ្លួន ១០.៩លានផោន ស្មើនឹង ១៤លានដុល្លារ។

កីឡាករក្រូអាត វ័យ ៣១ឆ្នាំ Lovren ក៏ត្រូវបាន Liverpool ទិញពីក្លិប Southampton ក្នុងឆ្នាំ២០១៤ ដូចគ្នា ក្នុងតម្លៃខ្លួន ២០លានផោន ដែលស្មើនឹង ២៦លានដុល្លារអាមេរិក សុទ្ធសឹងជាកីឡាករសំខាន់ដែលបានជួយហង្សក្រហមឈ្នះជើងឯក FIFA Club World Cup និងពាន UEFA Champions League នៅរដូវកាលមុនដូចគ្នា មុនឈានដល់ឈ្នះជើងឯក Premier League ឆ្នាំនេះទៀត៕