(ភ្នំពេញ)៖ រថយន្តប្រណិតពណ៌ខ្មៅ រលើបរលោង ដែលមានតម្លៃដល់ទៅជាង១លានដុល្លារ ត្រូវបានក្រុមហ៊ុន HGB Group ដឹកជូនដល់មុខផ្ទះអតិថិជន លើកម្រាលព្រំដ៏ក្រហមឆ្អិនឆ្អៅ។

លោក តាំង ហេងទ្រី និងអ្នកស្រី អ៉ឹង សុខគីម ដែលជាម្ចាស់ហាងកាបូបខេប៊ី ពិតជាមានក្តីរំភើបឥតឧបមា នៅពេលដែលមានសិទ្ធិ បានក្លាយជាម្ចាស់រថយន្តកំពូល លំដាប់ពិភពលោក Rolls-Royce Black Badge Cullinan។

ទន្ទឹមជាមួយគ្នានេះដែរ អ្នកស្រី អ៉ឹង សុខគីម បានថ្លែងថា «ខ្ញុំនឹងស្វាមី បានតស៊ូប្រកបអាជីវកម្មជាមួយគ្នា អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ចាប់តាំងពីបាតដៃ ទទេទម្រាំមានថ្ងៃនេះ ដូច្នេះវាជាអំណោយដ៏ពិសេស ដើម្បីតបស្នងលើកទឹកចិត្តខ្លួនឯង ឲ្យសមទៅនឹងកម្លាំងញើសឈាមដែលបានលះបង់»

អ្នកស្រីបន្ដថា «ប្រសិនបើអ្នកមានតែក្តីស្រមៃ តែគ្មានការប្រឹងប្រែងតស៊ូ ធ្វើវាឲ្យក្លាយជាការពិតនោះ ក្តីស្រមៃនៅត្រឹមតែជាស្រមៃ មិនអាចផ្លាស់ប្ដូរអ្វីបានឡើយ»

អ្នកស្រីបន្តទៀតថា «ដំបូងឡើយខ្ញុំ គ្មានគម្រោងទិញរថយន្តមួយគ្រឿងនេះទេ ប៉ុន្តែនៅពេលបានចូលរួមកម្មវិធីសម្ពោធរបស់ក្រុមហ៊ុន គ្រាន់តែឃើញភ្លាមក៏ឡើង សាកអង្គុយលេង ហើយបែរជាជាប់ចិត្តស្រលាញ់ភ្លែតតែម្តង ហើយខ្ញុំហ៊ានសម្រេចចិត្តទិញរថយន្ត ពីក្រុមហ៊ុន HGB Group ដោយទំនុកចិត្ត និងជឿជាក់បំផុត»

គួរបញ្ជាក់ដែរថា រថយន្ត Rolls-Royce Black Badge Cullinan ដ៏ប្រណិតមួយនេះគឺជា Limited edition ដែលមានតែមួយគ្មានពីរ នាពេលបច្ចុប្បន្ន នៅកម្ពុជា ដែលនាំចូលផ្លូវការ ដោយក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុនលំដាប់កំពូល តែងតែនាំចូលរថយន្តម៉ាក់ល្បីៗ លំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា។

កាន់តែពិសេសជាងនេះទៅទៀត គូស្វាមីភរិយាខាងលើ នឹងត្រូវបានបញ្ចូលឈ្មោះ ទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Roll-Royce ទទួលស្គាល់ជាសកល ពីការក្លាយជាម្ចាស់ Rolls-Royce Black Badge Cullinan តែមួយគត់នាពេលបច្ចុប្បន្ន ក្នុងប្រទេសកម្ពុជាដែលនាំចូលផ្លូវការ ដោយក្រុមហ៊ុន HGB Group ផងដែរ៕