(បរទេស)៖ បវរកញ្ញាពិភពលោក ឆ្នាំ១៩៩៤ និងជាតារាបូលីវូដល្បីឈ្មោះ អ្នកនាង Aishwarya Rai Bachchan និងកូនស្រីវ័យ៨ឆ្នាំ បានជាសះស្បើយឡើងវិញ ពីជំងឺកូវីដ១៩ បន្ទាប់ពីទៅព្យាបាលនៅមន្ទីរពេទ្យរយៈពេល១០ថ្ងៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

ឪពុកក្មេករបស់តារាស្រី Aishwarya Rai Bachchan គឺតារាសម្តែងជើងចាស់ Amitabh Bachchan វ័យ៧៧ឆ្នាំ និងស្វាមីរបស់នាង នៅតែបន្តសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យទីក្រុង Mumbai នៅឡើយ។ ខណៈតារាស្រី Aishwarya Rai Bachchan និងកូនស្រីវ័យ៨ឆ្នាំ បានតេស្តអវិជ្ជមានចំពោះកូវិដ១៩ និងត្រូវបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ នេះបើតាមសារ Twiter របស់ស្វាមី Aishwarya Rai Bachchan។

គួរជម្រាបថា តារាបូលីវូដល្បីឈ្មោះ Bachchan និងកូនរបស់នាង បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ និងត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យនៅថ្ងៃទី១៧ ខែកក្កដា បន្ទាប់ពីចេញរោគសញ្ញា៕