(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ បន្ទាប់ពីតារាចម្រៀង ខេម បានហក់ចូលផលិតកម្ម Galaxy Navatra ទាំងមិនទាន់ទម្លាយមូលហេតុពិតប្រាកដនោះ ពេលនេះតារាចម្រៀងបែបយុវវ័យ លោក វង្ស ថាណាន់ ហាក់មិនស្ទាក់ស្ទើរឡើយ ដោយបានហក់ចូលទ្រនំ Galaxy Navatra បើកឆាកជាមួយបទចម្រៀងថ្មី បែបមនោសញ្ចេតនា មានចំណងជើងថា «ស្នេហ៍ក្រៅផ្លូវការ»។

ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ តារាចម្រៀងសំឡេងមានទឹកដម ត្រូវចិត្តយុវវ័យ លោក វង្ស ថាណាន់ បានឲ្យដឹងថា នៅពេលនេះលោកបានសម្រេចចិត្តចូលផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ ខណៈចម្រៀងដំបូង គឺមានចំណងជើងថា «ស្នេហ៍ក្រៅផ្លូវការ» ទើបតែចេញក្ដៅៗមុននេះ។

លោក វង្ស ថាណាន់ បានទម្លាយមូលហេតុថា ការហក់ចូលផលិតកម្ម Galaxy Navatra ​ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នានោះ គឺដោយសារតែលោកចង់មានទ្រនំមួយច្បាស់លាស់ និងមានភាពកក់ក្រៅក្នុងចិត្ត ត្បិតអី Galaxy Navatra បច្ចុប្បន្នកំពុងតែមានសន្ទុះ ទទួលបានការគាំទ្រខ្លាំងពីមហាជន ព្រោះរាល់បទចម្រៀងដែលចេញមក ដឹងតែមានការពេញចិត្ត​ពីទស្សនិកជន មិនថាជាប្រភេទមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ និងបទបែបចង្វាក់ប្រពៃណីឡើយ។

តារាប្រុសធ្លាប់ប្រឡងក្នុងកម្មវិធីចម្រៀង ​លំដាប់ថ្នាក់ពិភពលោករូបនេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចេញចម្រៀងដំបូងបែបមនោសញ្ចេតនា «ស្នេហ៍ក្រៅផ្លូវការ» ដោយសង្កេតឃើញ​ថា មានការគាំទ្រខ្លាំង​ពីមហាជនរួចមក គឺមានចម្រៀងជាច្រើនបទទៀត កំពុងត្រៀមបញ្ចេញនាពេលខាងមុខ ខណៈបច្ចុប្បន្នកំពុងមមាញឹក​ ក្នុងការថតចម្រៀង ក្រោយបានចូលក្នុងទ្រនំថ្មីនេះ។

គួរជម្រាបថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានតារាចម្រៀងជាបន្តបន្ទាប់ បានជ្រើសរើសយកផលិតកម្ម Galaxy Navatra ជាទ្រនំថ្មីរបស់ខ្លួន។ ជាពិសេស​ពួកគេសុទ្ធតែរំពឹងថា ការហក់ចូលទ្រនំថ្មីមួយនេះ នឹងជួយឲ្យប្រជាប្រិយភាពរបស់ពួកគេ កាន់តែលេចធ្លោ​ឡើងបន្ថែមទៀត ក្នុងមាគាសិល្បៈ៕