(លីវើភូល)៖ អ្នកចាត់ការទូទៅហង្សក្រហម Liverpool លោក Juergen Klopp បានឈ្នះពានរង្វាន់ League Managers’ Association (LMA) ក្នុងឆ្នាំ២០២០ នេះ ក្រោយដឹកនាំក្លិបលើកពានលីគកំពូល Premier League រដូវកាលឆ្នាំ២០៩-២០២០ ដោយរង់ចាំអស់ ៣ទសវត្សរ៍។

ប្រភពពី CNA ចេញផ្សាយនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា បុរសសញ្ជាតិអាល្លឺម៉ង់ Klopp ត្រូវបានប្រកាស និងចាត់ទុកជាអ្នកចាត់ការល្អបំផុតឆ្នាំនេះកាលពីថ្ងៃចន្ទ ដោយបានដឹកនាំហង្សក្រហមនាំមុខដាច់ ១៨ពិន្ទុលើសក្រុមជើងឯករង Manchester City ដែលជាជើងឯករដូវកាលមុន ដើម្បីឈ្នះពាន Premier League បន្ថែមលើជម្នះធំៗរួមមានពាន Champions League និង FIFA Club World Cup កាលពីរដូវកាលមុនទៀតផង។

Klopp ទទួលបានសំឡេងគាំទ្រឈ្នះគូប្រជែងលោក Marcelo Bielsa គ្រូបង្វឹករបស់ក្លិប Leeds United និងលោក Gareth Ainsworth ដែលជាគ្រូបង្វឹករបស់ក្លិប Wycombe Wanderers ផងដែរ គ្រាដែលពាន LMA នេះ កាលពីឆ្នាំទៅ ឈ្នះដោយលោក Chris Wilder អ្នកចាត់ការទូទៅរបស់ Sheffield United ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ រដូវកាលនេះ។

អតីតអ្នកចាត់ការទូទៅនៃក្លិប Borussia Dortmund ខាងលើនេះ បានដឹកនាំ Liverpool ឈ្នះ ៣២ដង ស្មើ និងចាញ់ ៣ដងដូចគ្នា ក្នុងចំណោម ៣៨ប្រកួតនៅ Premier League រដូវកាល 2019-2020៕