(អាមេរិក)៖ រោងកុន «Regal» បានប្រកាសឲ្យដឹងនៅថ្ងៃច័ន្ទសប្តាហ៍នេះថា ខ្លួនមានគម្រោងបើកដំណើរការគ្រប់រោងភាពយន្តក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែសីហាខាងមុខនេះ ជាមួយនឹងការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ នៅតែមានកម្រិតខ្ពស់នៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងសទី២៨ ខែកក្កដា ឆ្នាំ២០២០។

ជាការកត់សម្គាល់ រោងភាពយន្តនេះ បានបិទទ្វារសាខារបស់ខ្លួននៅតាមបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក កាលពីពាក់កណ្តាលខែមីនា បន្ទាប់ពីបណ្តាប្រទេសជាច្រើន បានចាត់វិធានការរាំងខ្ទប់ប្រទេស ដើម្បីបង្ការការរីករាលដាលជំងឺរាតត្បាតសាកលកូវីដ១៩។

នាយកប្រតិបត្តិ រោងកុន Regal នៅ សហរដ្ឋអាមេរិក លោក Mooky Greidinger បានលើកឡើងថា «សុខភាព និងសុវត្ថិភាពរបស់សហគមន៍រួមទាំងបុគ្គលិក និងអថិតិជន គឺជាអាទិភាពចម្បងរបស់ពួកយើង ហើយយើងក៏សូមអញ្ជើញអ្នកទស្សនាទាំងអស់ ត្រឡប់មកទទួលរសជាតិបែបថ្មី ក្នុងរោងភាពយន្តវិញម្តង»

គួរជម្រាបថា «Regal» បានដាក់បញ្ចាំងភាពយន្តប្រមាណជាង ៧,០០០ រឿង ក្នុងរដ្ឋចំនួន៤២ របស់អាមេរិក ខណៈការបើកដំណើរការឡើងវិញ រោងភាពយន្តនឹងអនុវត្តន៍វិធានការសុវត្ថិភាព អនាម័យជាចម្បង ដូចជាការពិនិត្យកំដៅមុនចូលទស្សនា ការលាងសំអាតដៃ រក្សាគម្លាត និងពាក់ម៉ាសជាដើម៕