(ជប៉ុន)៖ ក្រុមហ៊ុនផលិតរថយន្ត Nissan Motor បានព្យាករពីការខាតបង់នូវប្រាក់ចំណូលប្រចាំឆ្នាំដ៏ធំ និងមិនធ្លាប់មាន ហើយបានរំពឹងថា ការលក់រថយន្ដនឹងធ្លាក់ចុះត្រឹមតែ ១៦ភាគរយប៉ុណ្ណោះនៅក្នុងរដូវកាលជំងឺរាតត្បាតកូវីដ១៩។

ក្រុមហ៊ុនផលិតរថយន្តធំលំដាប់លេខ២ របស់ជប៉ុនមួយនេះ បានព្យាករណ៍ថា ខ្លួននឹងខាតបង់ប្រាក់ប្រតិបត្តិការចំនួន ៤៧០ពាន់លានយ៉េន (៤,៥ ពាន់លានដុល្លារ) ដែលធំជាងការប៉ាន់ស្មានរបស់ក្រុមហ៊ុនវិភាគ Refinitiv អំពីការខាតបង់ចំនួន ២៦២,៨ ពាន់លានយ៉េន និងការខាតបង់ប្រចាំឆ្នាំជាប់ៗគ្នា។

ជាមួយគ្នានេះផងដែរ Nissan Motor បានព្យាករថាប្រាក់ចំណូលនឹងធ្លាក់ចុះនៅត្រឹម ៥ ទៅ ៧,៨ ពាន់ពាន់លានយ៉េន។

ក្រុមហ៊ុន Nissan Motor បានបង្ហាញថា កាលពីដើមឆ្នាំការលក់រថយន្តមានភាពល្អប្រសើរ ប៉ុន្តែចាប់ផ្តើមផ្ទុះជំងឺកូវីដ១៩ភ្លាមការលក់រថយន្តចាប់ផ្ដើមថយចុះ ជាពិសេសនៅក្នុងចន្លោះខែមេសា-មិថុនា ដែលនាំឲ្យ ក្រុមហ៊ុនធ្វើការព្យាករណ៍ទុកជាមុនពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ៕