(ភ្នំពេញ)៖ វៀតណាម បានកំណត់ប្រភេទកីឡា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ហើយ ដែលមានចំនួន ៣៦ប្រភេទកីឡា ស្មើនឹង ៤៥០វិញ្ញាសា។ ទន្ទឹមជាមួយគ្នា កម្ពុជាក៏គ្រោងស្នើដាក់បញ្ចូលកីឡាចំនួន ៤ប្រភេទបន្ថែម ដែលពុំទាន់មានក្នុងបញ្ជីកំណត់ជាឯកតោភាគីរបស់ម្ចាស់ផ្ទះវៀតណាមផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។

ការប្រកាសព័ត៌មានខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) រួមទាំងតំណាងសហព័ន្ធកីឡាជាតិជាច្រើនផងដែរ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះ វៀតណាមបានកំណត់ឯកតោភាគី ចំពោះប្រភេទកីឡា ត្រូវដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេម ទៅកាន់ក្រុមប្រឹក្សាកីឡាស៊ីអាគ្នេយ៍ ។ បន្ទាប់មកទើបប្រទេសជាសមាជិក ធ្វើការស្នើដាក់បញ្ចូលប្រភេទកីឡាមួយចំនួន ដែលជាកីឡាមានសក្ដានុពល ជាក់ស្ដែងកម្ពុជា ក៏គ្រោងស្នើកីឡាសក្ដានុពល ៤ប្រភេទបន្ថែម រួមមានកីឡាតេក្វាន់ដូ ITF, ជឺជិតស៊ូ , សូហ្វតេន្នីស និងកីឡា Skate Boarding ។

ចំពោះប្រភេទកីឡា ដែលម្ចាស់ផ្ទះបានកំណត់ទាំង ៣៦ប្រភេទ រួមមានកីឡាអត្តពលកម្ម ហែលទឹក បាញ់ធ្នូរ វាយសី បាល់បោះ ប៊ីយ៉ាស្នូកឃ័រ ប្រដាល់សកល ទូកានូ-ទូកាយ៉ាក់ កីឡាអុក ប្រណាំងកង់ កីឡារាំ គុនដាវ បាល់ទាត់ វាយកូនគោល កាយសម្ព័ន្ធ បាល់គប់ យូដូ ការ៉ាតេ កីឡាមួយ(គុនខ្មែរ) បញ្ចសិលា ប៉េតង់ កីឡារ៉ូវីង ស៊ីដក បាញ់កាំភ្លើង វាយកូនឃ្លីលើតុ តេក្វាន់ដូ WTF វាយកូនបាល់ បាល់ទះ លើកទម្ងន់ ចំបាប់ វូស៊ូ កាយវប្បកម្ម គុយរ៉ាស Kick-Boxing វ៉ូវីណាម និងកីឡាហែលទឹកកន្ទុយ ។

ទន្ទឹមជាមួយការកំណត់ប្រភេទកីឡារបស់វៀតណាមនេះដែរ លោករដ្ឋមន្ដ្រី ថោង ខុន បានអំពាវនាវដល់សហព័ន្ធកីឡាជាតិកម្ពុជា ដែលជាប្រភេទកីឡាស្ថិតក្នុងបញ្ជីឈ្មោះខាងលើ ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ រួមទាំងក្ដាប់ព័ត៌មានផ្សេងៗ ដែលម្ចាស់ផ្ទះជូនដំណឹង តាមរយៈកិច្ចប្រជុំផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពត្រៀមក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ ដែលជាស៊ីហ្គេមយុទ្ធសាស្ដ្រ ឆ្ពោះទៅរកភាពជោគជ័យ នៃការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជានេះ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម គ្រោងនឹងធ្វើនៅរាជធានីហាណូយ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ។ លើសពីនេះ វៀតណាម បានអះអាងថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២១ មិនទាន់ធូរស្រាលក៏ដោយ ក៏វៀតណាម ប្ដេជ្ញានឹងរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេមឲ្យទទួលបានជោគជ័យ ទៅតាមផែនការដែលខ្លួនបានរៀបចំផងដែរ៕