(អេស្ប៉ាញ)៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Real Madrid កីឡាករ Mariano Diaz ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19 ហើយនឹងខកខាន ក្នុងការចូលរួមប្រកួតពាន់រង្វាន់ Champions League របស់ក្លិប តទល់ជាមួយនឹងក្រុម Manchester City ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែសីហាខាងមុខ, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្លិប Real Madrid បានឲ្យដឹងថា «កីឡាករ Mariano ត្រូវបានធ្វើតេស្តនៅថ្ងៃចន្ទ ហើយទទួលបានលទ្ធផលវិជ្ជមាន, ប៉ុន្តែមានសុខភាពធម្មតា ហើយបាននឹងកំពុងអនុវត្តពិធីសារអនាម័យ តាមរយៈការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេ នៅផ្ទះរបស់ខ្លួន»។

កីឡាកររូបនេះ មិនមែនជាកីឡាករដំបូងនោះទេ នៅក្នុងប្រទេសអេស្ប៉ាញ ដែលបានរកឃើញថាមានភាពវិជ្ជមាន នៃវីរ៉ុស COVID-19។ សមាជិកមួយចំនួននៃក្លិបបាល់ទាត់ Fuenlabrada ក៏បានទទួលលទ្ធផលវិជ្ជមាន នៃវីរ៉ុសនេះផងដែរ កាលពីសប្តាហ៍មុន បាននាំឲ្យមានការលុបចោលការប្រកួតបាល់ទាត់របស់ពួកគេ ដែលគ្រោងនឹងតទល់ជាមួយនឹងក្រុម Deportivo la Coruna។

គួរបញ្ជាក់ថា កីឡាករ Mariano បានបង្ហាញខ្លួន ក្នុងការប្រកួតចំនួន៧លីគ សម្រាប់ក្លិប Real Madrid កាលពីរដូវកាលមុនដោយរកបានគ្រាប់បាល់មួយគ្រាប់ជូនក្រុម៕