(ភ្នំពេញ)៖ លោក ផន រស្មីពេជ្រ គ្រូបង្វឹកក្រុមជម្រើសខេត្តត្បូងឃ្មុំបានអះអាងថា គ្មានសម្ពាធអ្វីឡើយ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ខេត្ត ឆ្នាំ២០២០ ជាមួយក្រុមជម្រើសខេត្តព្រៃវែង នាវេលាម៉ោង ៦ល្ងាចនេះ។ ចំណែកគ្រូបង្វឹកព្រៃវែងលោក Matthew Sinclair បានចាត់ទុកជារឿងថ្មី ដែលក្រុមទាំងពីរ ត្រូវជួបគ្នាលើកទី៣ លើកទីលានស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ។

លោក ផន រស្មីពេជ្រ បានបញ្ជាក់ក្នុងសន្និសីទមុនការប្រកួតថា ក្នុងនាមក្រុមការពារតំណែងជើងឯក ត្បូងឃ្មុំបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតដ៏សំខាន់នេះ។ លោកថា «សម្រាប់ខ្ញុំគ្មានសម្ពាធនោះទេ ព្រោះក្រុមខ្ញុំមានការចង់ឈ្នះ ហើយមុននឹងមកនេះ ក៏មានការរៀបចំលើកទឹកចិត្តក្រុមពីសំណាក់លោកអភិបាលខេត្ត។ ចឹងពួកខ្ញុំនឹងខំប្រឹងលេង ដើម្បីជ័យជម្នះ។ តែបើនិយាយពីសម្ពាធ គឺគ្មានទេសម្រាប់ក្រុមខ្ញុំ»

យ៉ាងណាមិញលោកទទួលស្គាល់ថា ការប្រកួតនេះនឹងមានភាពតានតឹង ដ្បិតព្រៃវែង គឺជាក្រុមយុវជនវិសាខា ដែលមានការរៀបចំក្រុមបានល្អ។ លោកបន្ដថា «ការប្រកួតនេះ គ្មានសម្ពាធ តែអាចតានតឹង ព្រោះពួកគាត់ជាយុវជនថ្នាលរបស់ក្លិបមួយ ប៉ុន្ដែយើងបានប៉ះពួកគាត់ ២ប្រកួតរួចហើយ។ ចឹងសមត្ថភាពក្រុម បើតាមខ្ញុំមើលទៅ មិនលើសខ្វះគ្នាប៉ុន្មានទេ គ្រាន់តែពួកគាត់ មានការស្នាក់នៅ ហូបចុកជុំគ្នា មានការយល់ចិត្តគ្នាបានច្រើនជាងពួកខ្ញុំ»

ចំណែកលោក Matthew Sinclair វិញ បានសប្បាយចិត្ត ដែលឃើញកូនក្រុមខិតខំប្រឹងប្រែង ទោះបីជាយុវជន តែពួកគេធ្វើបានយ៉ាងល្អ ពោលគឺគ្រប់ប្រកួតពួកគេតែងខំប្រឹងអស់ពីសមត្ថភាព រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ។ ខេត្តព្រៃវែង និងត្បូងឃ្មុំ ធ្លាប់ជួបគ្នា ២ដងរួចមកហើយ ដោយលទ្ធផលស្មើគ្នាទាំង ២ដង តែការប្រកួតនោះ ធ្វើលើស្មៅធម្មជាតិ។ ដូច្នេះនៅពេលការប្រកួតផ្ដាច់ព្រ័ត្រលើស្មៅសិប្បនិម្មិតបែបនេះ លោកគិតថា ជារឿងថ្មីសម្រាប់ក្រុមទាំងពីរ ដែលពិបាកស្មាន។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងនាម៉ោង ៦ល្ងាចនេះ គឺពុំអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានជាតិឡើយ ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។ ប៉ុន្ដែមុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក៏មានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមជម្រើសខេត្តសៀមរាប និងខេត្តកែប នាម៉ោង ៣រសៀលដែរ៕