(អង់គ្លេស)៖ រដ្ឋាភិបាលអង់គ្លេសបានប្រកាសឲ្យដឹងថា ខ្លួនបានបង្កើតមូលនិធិធានារ៉ាប់រងមួយ មានទំហំទឹកប្រាក់ប្រមាណ ៥០០លានផោន ស្មើនឹង ៦៤៧លានដុល្លារអាមេរិក សម្រាប់ជួយដល់វិស័យភាពយន្ត និងទូរទស្សន៍ ក្នុងការចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋាភិបាលអង់គ្លេសបាននិយាយថា មូលនិធិធានារ៉ាប់រងនេះ នឹងផ្តល់ឲ្យគ្រប់ផលិតកម្មទាំងអស់ យ៉ាងហោចណាស់ពាក់កណ្តាលនៃថវិកា ដែលត្រូវចំណាយនៅក្នុងប្រទេសអង់គ្លេស។ ចំណុចនេះ ត្រូវគេពន្យាករណ៍ថា នឹងគ្របដណ្តប់ជាង ៧០ភាគរយនៃទីផ្សារខ្សែភាពយន្ត និងក្រុមហ៊ុនទូរទស្សន៍។
រដ្ឋមន្ត្រីវប្បធម៌អង់គ្លេស លោក Oliver Dowden បាននិយាយថា «ខ្សែភាពយន្តដែលឈ្នះពានរង្វាន់, រឿងកំប្លែង និងខ្សែភាពយន្តឯកសារ ដែលអង់គ្លេសបានផលិតចេញជាខ្សែភាពយន្ត សម្រាប់ចាក់បញ្ចាំងនៅលើទូរទស្សន៍ ក៏ដូចជាទៅកាន់ពិភពលោក ពិតជាមិនអាចរង់ចាំក្នុងការទស្សនាឡើយ...»។
ការសម្រេចបង្កើតមូលនិធិធានារ៉ាប់រងនៅពេលនេះ គឺបន្ទាប់ពីមានការពិភាក្សាគ្នាជាច្រើនខែ ជាមួយក្រុមហ៊ុនទូរទស្សន៍ និងតំណាងវិស័យភាពយន្ត ដែលរហូតមកទល់នឹងពេលនេះ ទទួលបានលទ្ធផលយ៉ាងប្រសើរ។
គួរជម្រាបថា សកម្មភាពថតភាពយន្ត ត្រូវបានផ្អាកដំណើរការនៅអំឡុងខែមីនា ដោយសារតែរដ្ឋាភិបាលអង់គ្លេស ចាត់វិធានការរាំងខ្ទប់ប្រទេស ជុំវិញបញ្ហាកូវីដ១៩ ខណៈអ្នកផលិតភាពយន្តបានព្យាយាម ប្រឡប់មកធ្វើការងាររបស់ពួកគេវិញ តាមរយៈការស្វែងរកការធានារ៉ាប់រង ដើម្បីជួយសង្គ្រោះវិបត្តិហិរញ្ញវត្ថុរបស់ពួកគេ៕