(អេហ្ស៉ីប)៖ ខ្មោចម៉ាំមី ត្រូវបានគេផ្សព្វផ្សាយល្បីល្បាញទូទាំងពិភពលោក ហើយមានពេលខ្លះតួអង្គម៉ាំមីនេះ ក៏ត្រូវគេយកមកសម្ដែងក្នុងខ្សែភាពយន្តផងដែរ។ ចង់ដឹងថាម៉ាំមីមានប្រវត្តិយ៉ាងដូចម្ដេច កើតឡើងចាប់ពីពេលណា ហើយមានប្រយោជន៍ដល់មនុស្សបច្ចុប្បន្នយ៉ាងណាខ្លះនោះ Fresh News Plus សូមចូលខ្លួនបកស្រាយដូចតទៅ៖
ប្រជាជនអេហ្ស៉ីបបុរាណតែងតែខ្វល់ខ្វាយជាខ្លាំងអំពីដំណើរវដ្ដសង្សាររបស់ខ្លួន ទាំងមុនពេលស្លាប់ និងក្រោយពេលស្លាប់ ដោយពួកគេបានស្វែងរកវិធីសាស្ត្រជាច្រើន លាយឡំជាមួយជំនឿសាសនាផ្សេងៗ ដើម្បីធ្វើឱ្យសាកសពរបស់ពួកគេនៅតែអាចរស់នៅបាន ក្រោយពេលស្លាប់ទៅហើយក៏ដោយ។
ទោះបីស្ថិតក្រោមបញ្ជារបស់ស្ដេចអេហ្ស៉ីបបុរាណជាច្រើនជំនាន់យ៉ាងណាក៏ដោយ ក៏ដំណោះស្រាយជុំវិញបញ្ហានេះនៅតែមិនអាចដោះស្រាយបាន ពីព្រោះមនុស្ស បើកាលណាត្រូវស្លាប់ទៅហើយ មិនអាចធ្វើឱ្យរស់រានវិញដូចធម្មតានោះទេ ពោលគឺគ្មានអ្នកណាម្នាក់គេចផុតពីសេចក្ដីស្លាប់បានឡើយ។ ប៉ុន្តែព្រះមហាក្សត្រ រាជគ្រូបុរោហិត បណ្ដាពួកអភិជន ពិសេសពួកបុព្វជិតសាសនា នៅតែមានជំនឿថា «នឹងមានវិធីណាមួយដែលអាចធ្វើឱ្យមនុស្សស្លាប់ទៅហើយ អាចរស់រានវិញបាន»។
ជាមួយនឹងការរិះរកវិធីនេះដែរ អ្នកស្រុកអេហ្ស៉ីបក៏មានជំនឿដែរថា ដើម្បីធ្វើឱ្យមនុស្សដែលស្លាប់ទៅហើយ នៅតែអាចរស់នៅបាន គេត្រូវធ្វើយ៉ាងណារក្សាសាកសពឱ្យនៅគង់វង្សដូចដើម កុំឱ្យស្អុយរលាយសាបសូន្យ។
លុះដល់ប្រមាណឆ្នាំ ៣០០០ មុនគ្រិស្ត្រសករាជ អ្នកស្រុកអេហ្ស៉ីបបានរកឃើញវិធីសាស្ត្រម្យ៉ាង ដែលអាចរក្សាសាកសពឱ្យនៅគង់វង្សយូរអង្វែង នោះគឺការអប់សព និងរុំក្រណាត់សំពត់តូចៗជុំវិញសព ដែលភាសាមនុស្សបច្ចុប្បន្នគេហៅថា «ម៉ាំមី» ឬ «ខ្មោចម៉ាំមី»។ ការអប់សាកសពនេះទៀតសោត អ្នកស្រុកអេហ្ស៉ីបបុរាណក៏បានប្រើប្រាស់ផលិតផលផ្សេងៗ ដូចជា រុក្ខជាតិ អំបិលណាត្រុងអេហ្ស៉ីប រួមទាំងគ្រឿងក្រអូបផងដែរ ដើម្បីធ្វើឱ្យសាកសពមានសភាពស្ងួត ជម្រុះអស់ជាតិទឹក ដែលអាចគង់វង្សបានយូរ។
គេត្រូវយកសាកសពទៅតម្កល់ក្នុងចេតិយដែលជាផ្ទះចុងក្រោយរបស់គេ ដោយនាំទៅជាមួយនូវគ្រឿងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងម្ហូបអាហារផងដែរ។ ចេតិយនេះទៀតសោត ក៏ត្រូវសាងសង់ឡើងប្រកបដោយភាពរឹងមាំអាចស្ថិតស្ថិរយូរអង្វែង ហើយត្រូវរៀបចំតុបតែងលម្អដោយផ្ទាំងគំនូរ ចម្លាក់ ដែលបង្ហាញពីជីវិតក្នុងឋានមនុស្សលោក និងជីវិតនៅឋានអាទិទេព ឬឋានសួគ៌។
រាល់ចេតិយរបស់ព្រះចៅផារ៉ាអុងត្រូវតែស្អាត ធំ ខ្ពស់ ស្កឹមស្កៃជាងចេតិយនាម៉ឺនមន្ត្រី និងប្រជានុរាស្ត្រទាំងឡាយ ដូច្នេះហើយទើបយើងឃើញមានពីរ៉ាមីតធំៗមួយចំនួនរបស់ព្រះចៅផារ៉ាអុងរបស់អេហ្ស៉ីបបុរាណ។
ឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំយូរយ៉ាងណាក្ដី សាកសពរបស់ព្រះចៅរ៉ាមសែសទី២ និងសាកសពព្រះមហាក្សត្រ រាជវង្សានុវង្ស និងអ្នកស្រុកអេហ្ស៉ីបបុរាណមួយចំនួន នៅតែមិនទាន់រលាយសាបសូន្យ គ្រាន់តែមានសភាពស្វិតក្រៀមស្គមស្គាំងប៉ុណ្ណោះ។ ការរកឃើញបច្ចេកទេសរក្សាសាកសពពីសំណាក់អ្នកស្រុកអេហ្ស៉ីបនេះ បានផ្ដល់ប្រយោជន៍៍ជាច្រើនដល់ការរស់នៅរបស់មនុស្សបច្ចុប្បន្ន ដោយមនុស្សបច្ចុប្បន្នបានផលិតចេញជាថ្នាំសម្រាប់ចាក់បញ្ចូលក្នុងរាងកាយមរណជន ដែលចាំបាច់ត្រូវរក្សាឱ្យបានយូរជាងធម្មតា៕