(ភ្នំពេញ)៖ ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរោងភាពយន្តភាគច្រើននៅប្រទេសចិន បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រ បានកើនឡើងរហូតដល់ទៅ ១០៩លានយន់ ស្មើនឹង១៥.៦លានដុល្លារអាមេរិក ខណៈការចាក់បញ្ចាំង គឺកើនឡើងប្រហែលជាង១០ដងឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
ជាការកត់សម្គាល់ រោងភាពយន្តនៅតំបន់ មានហានិភ័យទាប ចំពោះកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មកម្ល៉េះ បន្ទាប់ពីផ្អាកសកម្មភាពរយៈពេល៦ខែ ដោយការគំរាមកំហែងពីកូវីដ១៩។ មួយសប្តាហ៍ក្រោយបើកដំណើរ មានការចាក់បញ្ចាំងភាពយន្តជិត១០ដង ខណៈ៤៥ភាគរយនៃរោងភាពយន្តផ្សេងទៀត បានបន្តចាប់ផ្តើមដំណើរការរបស់ខ្លួន។ នេះបើតាមរបាយការណ៍ពី Maoyan Entertainment របស់ចិនចេញផ្សាយនៅថ្ងៃច័ន្ទសប្តាហ៍នេះ។
បើតាមរបាយការណ៍បានបង្ហាញសារ សំបុត្រចូលទស្សនាភាពយន្ត គឺផ្តល់ឲ្យអតិថិជនជាមួយនឹងតម្លៃទាប ខណៈតម្រូវការទីផ្សារមានការកើនឡើងខ្ពស់។ ចំណុចនេះ នឹងធ្វើឲ្យទីផ្សារភាពយន្ត មានលទ្ធផលងើបឡើងវិញ ក្នុងអត្រាលឿនជាងមុន។
គួរជម្រាបថា រោងភាពយន្តភាគច្រើនបានរៀបចំការលក់សំបុត្រ ដោយបញ្ចុះតម្លៃ ដើម្បីទាក់ទាញអ្នកទស្សនា។ រោងកុនប្រមាណជាង ៩៦ភាគរយ ដែលបានដំណើរការឡើងវិញ គឺលក់សំបុត្រក្នុងតម្លៃទាបជាងឆ្នាំមុន ខណៈតម្លៃជាមធ្យម គឺ ៣៧.១ យន់ ចុះមកនៅចន្លោះ ២០ទៅ៣០ យន់ប៉ុណ្ណោះ៕