(តូក្យូ)៖ យោងតាមសេចក្តីរាយការណ៍មួយបានឲ្យថា រដ្ឋាភិបាលជប៉ុនគ្រោងហាមឃាត់ការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ចិន ក្នុងនោះមាន TikTok មួយផងដែរ។

សារព័ត៌មាន Tech Crunch បានចេញផ្សាយដោយស្រង់ខ្លឹមថាចេញពីទូរទស្សន៍ជាតិជប៉ុន NHK ថា នៅពេលនេះក្រុមអ្នកច្បាប់ និងសុវត្ថិភាព សន្តិសុខជាតិកំពុងតែ ពិចារណាក្នុងការហាមឃាត់កម្មវិធី TikTok ដោយសារតែបញ្ហាសន្តិសុខជាតិ។

នៅក្នុងខ្លឹមសារបានផ្សាយថា វាមិនខុសពីប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកនោះទេ គឺរដ្ឋាភិបាលជប៉ុនមានក្ដីព្រួយបារម្ភចំពោះសន្តិសុខជាតិ និងខ្លាចរដ្ឋាភិបាលចិនប្រមូលទិន្នន័យអ្នកប្រើប្រាស់ជប៉ុនតាមរយ:កម្មវិធី TikTok និងកម្មវិធីផ្សេងទៀត។

កម្មវិធី TikTok គឺមានការទាញយកច្រើនរហូតជាប់ចំណាត់ថ្នាក់កំពូលនៅក្នុង App Store និង Play Store ប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា ក្រោយពីរដ្ឋាភិបាលឥណ្ឌាបានសម្រេចបិទកម្មវិធី TikTok ជាផ្លូវការ សហរដ្ឋអាមេរិកក៏បានពិចារណាក្នុងហាមហាត់ TikTok ដូចគ្នា ខណ:ដែលពេលនេះ TikTok បានប្រកាសជ្រើសរើសទីតាំងនៅក្នុងទីក្រុងឡុងដ៍សម្រាប់បើកការិយាល័យ និងគ្រោងជ្រើសរើសបុគ្គលិកបន្ថែមទៀតសម្រាប់បម្រើការងារនៅអាមេរិក៕