(តូរីន)៖ ក្តីសង្ឃឹមរបស់កីឡាករ Cristiano Ronaldo ក្នុងការបញ្ចប់ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅលីគកំពូល Serie A របស់ប្រទេសអីតាលីទំនងជាត្រូវរលាយ ខណៈដែលគាត់មិនអាចរកគ្រាប់បាល់បានពេលក្រុមជើងឯក Juventus ត្រូវបានក្រុម Cagliari យកឈ្នះក្នុងលទ្ធផល ២-០ នៅរាត្រីថ្ងៃពុធ ទី២៩ ខែកក្កដា។

Ronaldo រកបានគ្រាប់បាល់នៅ Serie A នារដូវកាលនេះបានចំនួន ៣១គ្រាប់ គ្រាដែលគូប្រជែង Ciro Immobile រប់ក្លិប Lazio រកបាន ៣៥គ្រាប់ច្រេីនជាងគេដាច់។

ការរកបានគ្រាប់បាល់របស់កីឡាករ Luca Gagliano និងមិត្តរួមក្រុម Giovanni Simeone បានជួយឲ្យក្រុមម្ចាស់ផ្ទះ Cagliari ទទួលបាន ៣ពិន្ទុពេញក្នុងក្នុងផ្ទះក្នុងសប្តាហ៍ទី៣៧ ជេីងទី២។

កីឡាករអ៉ីតាលី Ciro Immobile បានរកគ្រាប់បាល់ទី៣៥ របស់គាត់ក្នុងរដូវកាលនេះខណៈម្ចាស់ផ្ទះ Lazio បានផ្តួលក្រុម Brescia ២-០ នៅរាត្រីថ្ងៃពុធដូចគ្នា ដែលនេះនៅតិចជាង Gonzalo Higuain ដែលរកបាន ៣៦គ្រាប់ឲ្យក្លិប Napoli ក្នុងយុទ្ធនាការឆ្នាំ២០១៥-១៦៕